(ព្រះវិហារ)៖ រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបកស្រាយការពិត បន្ទាប់ពីមានការផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ពាក់ព័ន្ធដល់ក្រុមការងារដីរដ្ឋថ្នាក់ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ស្រុក ចុះអនុវត្តនិតិវិធីច្បាប់លើប្រជាពលរដ្ឋដែលបានកាប់រុករាន និងគ្មានឈ្មោះក្នុងបញ្ជីបិទផ្សាយជាសាធារណៈចំនួន៧៥០គ្រួសារ កាលពីថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកជាំក្សាន្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមេសានេះ បានបញ្ជាក់ថា៖ «ដើម្បីចៀសវាងការភ័ន្តច្រឡំ និងបំភ្លៃព័ត៌មានដោយរូបភាពណា មួយនោះ រដ្ឋបាលស្រុកជាំក្សាន្ត សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩៖០០ព្រឹក ស្ថិតក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព កសិឧស្សាហកម្ម ដែលមានសិទ្ធិវិនិយោគពីរដ្ឋ ក្រុមការងារដីរដ្ឋថ្នាក់ខេត្ត និងស្រុកបានចុះអនុវត្តនីតិវិធីច្បាប់លើប្រជាពលរដ្ឋ ដែលគ្មានឈ្មោះក្នុងបញ្ជីបិទផ្សាយជាសាធារណៈចំនួន ៧៥០គ្រួសារ ដែលរដ្ឋបាលខេត្តព្រះវិហារបានបញ្ចប់ការប្រគល់ដីឡូតិ៍ កសិកម្មចំនួន ២ហិចតា ដើម្បីបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន»

រដ្ឋបាលស្រុកជាំក្សាន្ត បានបញ្ជាក់ថា រូបភាពដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ជាសកម្មភាពចុះអនុវត្តនីតិវិធីច្បាប់របស់ក្រុមការងារ មិនមែនជាសកម្មភាពរំលោភបំពាន ទៅលើដីកម្មសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋនោះឡើយ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកជាំក្សាន្ត៖