(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដល់កម្មកររោងចក្រក្នុងទីតាំងតំបន់ សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ក្រោមការដឹកនាំរបស់លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង។

ក្នុងឱកាសនេះលោក សរ សុដានី បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដើម្បីចូលរួមចាក់វ៉ាក់សាំងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានចុះមកចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករនៅក្នុងទឹកដីក្រុងស្វាយរៀង ពិសេសចុះដល់ទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ តែម្ដង។

លោក សរ សុដានី បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ លើគោលនយោបាយវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះបងប្អូនកម្មករកម្មការិនីតាមរោងចក្រជាច្រើនម៉ឺននាក់ ក៏ទទួលបានវ៉ាក់សាំងការពារជំងឺផងដែរ។

លោកសូមអរគុណក្រុមគ្រូពេទ្យស្មគ្រចិត្តសម្ពន្ធ័គ្រូពេទ្យ ស.ស.យ.ក ដើម្បីចូលរួមចាក់វ៉ាក់សាំងជាមួយគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានលះបង់ គ្រប់យ៉ាងដើម្បីបេសកកម្មដ៏ល្អមួយនេះ ហើយសូមបងប្អូនកម្មករកម្មការិនី ពេលដែលបានចាក់វាក់សាំងដូសជំរុញរួចហើយនាពេលនេះកុំភ្លេចបន្តអនុវត្តវិធាន «៣ការពារ និង៣កុំ» ជាប់ជានិច្ច។

គួររម្លឹកដែរថា កន្លងមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តាមបណ្តារាជធានីខេត្ត បានចូលរួមយ៉ាងសកម្មតាមរយៈការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពី គ្រោះថ្នាក់នៃជំងឺកូវីដ ដល់ប្រជាពលរដ្ឋការគាំទ្រផ្នែកស្មារតី និងការឧបត្ថម្ភសម្ភារចាំបាច់ជាបន្តបន្ទាប់ ជាពិសេសការចូលរួមសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្នុងមូលដ្ឋាននីមួយៗផងដែរ៕