(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២» ជូនសិក្ខាកាមគោលដៅ ៣០០ នាក់ ជាមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន សម្រាប់ចូលរួមគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាល ៣ បូក ២ និង ការត្រៀមអនុវត្តដំណាក់កាលទី ៤។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល គ្រូឧទ្ទេស និងសិក្ខាកាម។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងចាត់ទុកថា ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាកត្តាចាំបាច់ ដើម្បីសម្រេចជោគជ័យ ក្នុងការគ្រប់គ្រងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ និង ចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់គន្លឹះសំខាន់ៗ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជន ។ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តនៃការងារបច្ចេកទេស ឆ្លើយតបតម្រូវការនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាពលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន និង កំពុងរៀបចំនាពេលនេះ នឹងក្លាយជាកាតព្វកិច្ចចំពោះមន្ត្រី រាជការជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់បំពេញមុខងារភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាព ការងាររបស់អង្គភាពថវិកានីមួយៗ។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានរំឭកថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ខ្ពស់ លើការកសាង និង ការអភិវឌ្ឍសមត្ថភាពជំនាញពាក់ព័ន្ធសេដ្ឋកិច្ច និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានបង្កើតវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅឆ្នាំ ១៩៩៧, ក្រោមជំនួយបច្ចេកទេសរបស់ធនាគារពិភពលោក និង បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ហើយបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាពមន្ត្រីរាជការ ឆ្លើយតបតម្រូវការឈានឡើង និង បរិការណ៍ប្រែប្រួលនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ផែនការយុទ្ធសាស្ត្រស្ដីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ត្រូវបានអនុវត្តយ៉ាងសកម្ម និង ទទួលលទ្ធផលគួរជាទីមោទនៈ ក្នុងការគាំទ្រការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា នាពេលកន្លងមក។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបន្ថែមទៀតថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន ដើម្បីធានាតម្លាភាព, ប្រសិទ្ធភាព, ទាន់ពេលវេលា និង មានទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ ព្យាករ និង ធ្វើការសម្រេចចិត្តគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង, ក្នុងត្រីមាសទី ៣ ឆ្នាំ២០២២ នេះ, រាល់នីតិវិធីនៃមុខសញ្ញាចំណាយចរន្តនឹងត្រូវអនុវត្តនៅក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅប្រព័ន្ធតទៅទៀត ជាមួយនឹងការកាត់ចំនួនរំហូរការងារ និងការអនុម័ត។

ការងារអនុវត្តនីតិវិធីតាមប្រព័ន្ធទាំងស្រុងដោយគ្មាននីតិវិធីខាងក្រៅ នឹងអនុវត្តមុនគេនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ហើយនៅឆ្នាំបន្តបន្ទាប់ខាងមុខ, នឹងអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន និង គ្រប់អង្គភាពថវិកា ។ ដោយឡែក, សម្រាប់ដំណើរការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុនៃថវិកាវិនិយោគហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ នឹងត្រូវដាក់ឱ្យអនុវត្តទាំងស្រុងនៅឆ្នាំ ២០២៤៕