(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវជាថ្មីដល់បងប្អូនជនរួមជាតិ ក៏ដូចជាមន្ត្រីពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវខិតខំជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ មកទទួលយកវ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ខណៈប្រជាពលរដ្ឋចំនួនជាង ៦លាននាក់ទៀត មិនទាន់មកទទួលវ៉ាក់សាំងដូសទី៣ នៅឡើយ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រកាសដាក់ការចាក់វ៉ាក់សាំងដូសទី៣ ជាកាតព្វកិច្ចតម្រូវ សម្រាប់ប្រជាជន ដើម្បីបង្កើតបាននូវភាពសុំាសហគមន៍។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្វីដែលជាកិច្ចការសំខាន់ ដែលខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនជនរួមជាតិ ក៏ដូចជាកម្លាំងគ្រប់ផ្នែក ដែលចូលរួមដំណើរការចាក់វ៉ាក់សាំង គឺខិតខំជំរុញធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជារបស់យើងអាចទទួលបាននូវដូសទី៣ យ៉ាងតិច នេះចាត់ទុកថា ជាកាតព្វកិច្ចតម្រូវ។ យើននៅសល់មនុស្សប្រមាណជាង៦លាននាក់ទៀត ដែលមិនទាន់បានចាក់ដូសទី៣នៅឡើយ ក្នុងពេលមនុស្សជាង១លាននាក់ បានដាក់ដូសទី៤។ ឥឡូវនេះអ្វីដែលជាការចង់បាននោះ គឺចង់ឲ្យបងប្អូនជនរួមជាតិរបស់យើងរំដោះខ្លួនឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបានជាមួយនឹងកាតព្វកិច្ចមួយចំនួន ក្នុងវិស័យសុខាភិបាល»

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់ដូសទី៣ ប្រញាប់ទៅចាក់បាននៅគ្រប់កន្លែង មិនថាចាក់ដូសទី២ នៅកន្លែងណានោះទេ ប៉ុន្តែអាចចាក់ដូសទី៣ នៅកន្លែងដែលងាយស្រួលសម្រាប់ខ្លួន។

សម្តេចតេជោបានថ្លែងថា «ខ្ញុំចង់បញ្ជូនសារនេះ ទៅកាន់ប្រជាពលរដ្ឋរបស់យើង អ្នកដែលមិនទាន់ទទួលដូសទី៣ ត្រូវតែមកកាន់ទីកន្លែងណា ដែលមានចាក់វ៉ាក់សាំង មិនចាំបាច់ប្រកាន់កន្លែងទេ ហើយពេទ្យរបស់យើង បើមានអ្នកទៅចាក់ គឺត្រូវចាក់ជូនប្រជាពលរដ្ឋយើងតែម្តង [...] ដើម្បីបង្កើតភាពសុំាសហគមន៍ ឥឡូវកម្ពុជាបានចាក់រហូតដល់ជាង៩៣ភាគរយ នៃចំនួនប្រជាជន»

សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ប្រជាជនកម្ពុជា ១៤ ៨៩២ ២៦៤ នាក់បានចាក់វ៉ាក់សាំងកូវីដ១៩។ ចំណែកអ្នកបានចាក់វ៉ាក់សាំងដូសទី៣ មានចំនួន ៨ ២៥១ ០៧៣នាក់ និងដូសទី៤ មានចំនួន ១ ៤១២ ២៨៨នាក់៕