(ភ្នំពេញ)៖ លោកបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានចុះជួបសំណេះសំណាល ប្រគល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ជូនដល់ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលបានទទួលរងដោយសារគ្រោះអគ្គីភ័យ ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោកបណ្ឌិត ឡេង ប៊ុនតេង ក៏បានសម្តែងការសោកស្តាយចំពោះបញ្ហាកើតឡើងដោយអគ្គីភ័យនេះ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានរួមគ្នាខិតខំជួយអស់ពីសមត្ថភាព ដើម្បីសង្គ្រោះឱ្យទាន់ពេលវេលាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ជួយដោះស្រាយរាល់ការខូចខាត និងបាត់បង់នូវលិខិតស្នាម ឯកសារផ្សេងៗ ដែលត្រូវភ្លើងឆាបឆេះ ដូចជាអត្ថសញ្ញាណប័ណ្ឌ ស្រៀវភៅគ្រួសារជាដើម ត្រូវប្រញាប់ធ្វើជូនប្រជាពលរដ្ឋវិញ ឱ្យបានឆាប់រហ័សជាដើម។

លោកបណ្ឌិត ក៏បានអំពានាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងចង្រ្កាន ទាន ធូប និងប្រព័ន្ធភ្លើង អគ្គិសនី ព្រោះវានឹងងាយកើតឡើងនូវគ្រោះអគ្គិភ័យ ដែលវានឹងបំផ្លិចបំផ្លាញផ្ទះសម្បែងខ្ទេចខ្ទីអស់ ដូចពាក្យចាស់លោកពោលថា ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ។

អំណោយកញ្ចប់ឃីត ដែលចែកជូនប្រជាពលរដ្ឋរងគ្រោះអគ្គីភ័យរួមមាន៖ អង្ករ, ត្រីខ, ទឹកក្រូច, សាប៊ូ, សាប៊ូដុសខ្លួន, ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកដោះគោ, ស្ករស, ម៉ាស, ក្រដាសអនាម័យ, ថ្នាំពេទ្យ, និងធុងជ័រ ដែលជាអំណោយរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថា កាលវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានអគ្គីភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ចំនួន៥ខ្នង ស្ទេីរទាំងស្រុងនៅតាមបណ្ដោយផ្លូវបេតុង ភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕