(ព្រះសីហនុ)៖ ផ្នែកមួយចំនួនដែលមានសក្ដានុពលលើវិស័យទេសចរណ៍នៅក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍក្លាយជារមណីយដ្ឋានទេសចរណ៍គួរជាទីទាក់ទាញថ្មីៗ ដូចជា កោះថ្មី កោះរាជបុត្រ ឬកោះសំពោច ឆ្នេរមាស ឆ្នេរប្រាក់ ព្រែកលីវយី ព្រៃកោងកាង សណ្ឋាគារ បាងហ្កាឡូ ការដើរទស្សនាតាមក្នុងព្រៃជាដើម ប៉ុន្តែសុទ្ធតែធានាបាននូវការអភិរក្សធនធានធម្មជាតិនិងបរិស្ថានយ៉ាងខ្ជាប់ខ្ជួន។

ផលិតផលទេសចរណ៍ថ្មីៗគួរឱ្យទាក់ទាញទាំងនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA ដែលនឹងមានការរៀបចំដាក់បញ្ចូលបន្ថែមទៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍សម្រាប់ផ្សព្វផ្សាយ និងលក់ជូនភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេស។

ដើម្បីធ្វើបច្ចុប្បន្នភាព (Update) លើសេវាកម្មទេសចរណ៍ ដូចជា សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗនៅតំបន់ឧទ្យានជាតិរាម សមាគមទេសចរណ៍កម្ពុជាបានរៀ បចំដំណើរទស្សនកិច្ច (Fam Trip) ទៅកាន់រមណីយដ្ឋានទេសចរណ៍នានានៅក្នុងតំបន់នេះរយៈពេល៣ថ្ងៃ២យប់ ចាប់ពីថ្ងៃទី២២-២៤ ខែមេសា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគម CATA រួមទាំងតំណាងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ សរុបចំនួន៣១ក្រុមហ៊ុន។

នៅថ្ងៃទីមួយ ប្រតិភូសមាគម CATA បានទៅដល់សណ្ឋាគារកោះសំពោច ឬកោះរាជបុត្រ និងបានចាប់ផ្ដើមដំណើរទស្សនកិច្ចនៅតំបន់នោះ ដោយដើរលើស្ពានឈើបត់បែនជ្រែកកាត់ជំរំព្រឹក្សាដែលអាស្រ័យនៅសមុទ្រទឹករាក់ រួចក៏បន្តទៅដល់កំពង់ទូកតូចមួយដើម្បីជិះទូកទស្សនាព្រៃកោងកាងនៅតាមព្រែកលីវយី។ គយគន់ទេសភាពព្រៃកោងកាងជិត១ម៉ោងរួចមក ប្រតិភូសមាគម CATA ក៏បន្តដំណើរដោយថ្មើរជើង (Tracking) លើស្ពានឈើសសៀរតាមបណ្ដោយមាត់សមុទ្រ ហើយមិនយូរប៉ុន្មានក៏ដើរវង់ទៅដល់រមណីយដ្ឋានកោះសំពោច ឬកោះរាជបុត្រនោះវិញ។ រសៀលកាន់តែជ្រាលជ្រេ ពន្លឺព្រះសុរិយាទន់ទាបស្រទន់ ធាតុអាកាសចុះត្រជាក់បន្តិច ប្រតិភូសមាគម CATA ក៏បន្តដើរតាមស្ពានឈើកាចកោងអន្លាយមួយភ្ជាប់ដំណើរពីដីគោកទៅកាន់កោះរាជបុត្រដ៏តូចច្រឡឹង ខណៈនៅទីនោះគឺមានទេសភាពស្អាតៗ៣៦០ដឺក្រេ។ ទស្សនកិច្ចដ៏សែនរីករាយក្នុងថ្ងៃទីមួយនេះ ក៏ត្រូវបញ្ចប់ជាមួយវេលាអស្ដង្គតនារមណីយដ្ឋានកោះសំពោច ឬកោះរាជបុត្រ។

នៅថ្ងៃទីពីរ ប្រតិភូសមាគម CATA បានប្ដូរការស្នាក់នៅពីសណ្ឋាគារកោះសំពោចទៅកាន់សណ្ឋាគាររាមប៊ូទិក ដែលមានចម្ងាយពីកោះសំពោចប្រមាណ១២គីឡូម៉ែត្រ។ អំលុងពេលមកដល់ទីរមណីយសោភ័ណនេះ ប្រតិភូសមាគម CATA បានជិះនាវាទេសចរណ៍ខ្នាតតូចទៅទស្សនាកោះថ្មី និងឆ្នេរមាស (ឆ្នេរមាសស្ថិតនៅលើកោះថ្មី) ដោយនៅលើកោះនេះគណៈប្រតិភូបានដើរ Tracking នៅតាមមាត់សមុទ្រ តាមឆ្នេរសមុទ្រ និងតាមក្នុងព្រៃនៃកោះថ្មីនេះ ពិសេសគឺបានទៅទស្សនាជំរំថ្មយក្សដែលលាក់ខ្លួនក្នុងព្រៃមានលក្ខណៈធំៗសម្បើម។ នៅលើកោះថ្មីនេះទៀតសោត គឺមានឆ្នេរសមុទ្រពណ៌មាសស្រស់ស្អាតវែងអន្លាយ ដែលភ្ញៀវទេសចរក៏អាចលេងកម្សាន្ត ឬងូតទឹកសមុទ្រនៅទីនោះបានផងដែរ។ លើសពីនេះ ប្រតិភូសមាគម CATA ក៏បានជិះកង់លេងកម្សាន្តនៅតាមផ្លូវក្រាលបេតង់ និងបានដើរទស្សនាសិក្សាស្វែងយល់អំពីសក្ដានុពល និងផលិតផលទេសចរណ៍នៅលើកោះ។ ក្រៅពីនេះក៏បានចូលទៅដល់ផ្ទាល់នៅក្នុងបាងហ្កាឡូដែលត្រូវបានសង់នៅចន្លោះផ្លូវនិងដើមឈើត្រជាក់ល្ហឹម មានន័យថា នៅពេលភ្ញៀវទេសចរដែលមកទស្សនាកោះថ្មី ពួកគេក៏អាចស្នាក់នៅក្នុងបាងហ្កាឡូនេះផ្ទាល់បានផងដែរ។

ចំណាយពេលស្ទើរមួយថ្ងៃនៅលើកោះនេះ លុះដល់ពេលរសៀលបន្តិច ប្រតិភូសមាគម CATA ក៏បានជិះនាវាទេសចរណ៍ដដែលនោះត្រលប់មកសណ្ឋាគាររាមប៊ូទិកវិញ ដោយនៅពេលល្ងាចគណៈប្រតិភូបានរៀបចំកម្មវិធីពិសាភោជនាហារជុំគ្នានៅលើឆ្នេរប្រាក់ (ឆ្នេរប្រាក់នៅខាងក្រោយប៊ូទិក) ដែលបរិយាកាសនៅទីនេះគឺពិតជាស័ក្តិសមបំផុតសម្រាប់គ្រប់កម្មវិធីកម្សាន្ត ដូចជា លេងទឹកសមុទ្រ-នៅលើឆ្នេរ ឬរៀបចំកម្មវិធីជប់លៀង កម្មវិធីកម្សាន្តជាច្រើនទៀត អមដោយធាតុអាកាសត្រជាក់ ខ្យល់សមុទ្របោកបក់រលកគ្រាំៗ ញ៉ាំងជាតន្ត្រីធម្មជាតិ អង្រួនចុងស្រល់ឱ្យរេរាំទោទន់ទៅតាមវីតា គួរជាទីនែបនិត្យប្រតិព័ទ្ធ។ ទស្សនកិច្ចថ្ងៃទីពីរក៏បានបញ្ចប់នាទិវស្បៃរាត្រី។

ការស្នាក់នៅរយៈពេល២យប់នៅសណ្ឋាគារទាំងពីរនេះ (សណ្ឋាគារកោះសំពោធ និងសណ្ឋគាររាមប៊ូទិក) គឺពិតជាទទួលបាននូវការទទួលបដិសណ្ឋារកិច្ចល្អ មានផាកសុខភាព បរិយាកាសស្រស់ស្រាយ ខណៈការរៀបចំរចនានៅទីទាំងនេះគឺពិតជាមានភាពទាក់ទាញ ដ្បិតផ្នែកខ្លះមិនទាន់រៀបរយរួចរាល់ក៏ដោយ។

មកដល់ថ្ងៃទីបី បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចហើយនោះ ប្រតិភូសមាគម CATA បានបន្តទៅទស្សនាដើមឈើដ៏ធំសម្បើមមួយ ដែលគេឱ្យឈ្មោះថា «ដើមឈើយក្ស ឬ Giant Tree) រួចហើយក៏បកក្រោយទៅកាន់ទីក្រុងព្រះសីហនុ ដើម្បីបន្តការធ្វើទស្សនកិច្ចនៅតាមសណ្ឋាគារមួយចំនួន មានសណ្ឋាគារជីនប៉ី សណ្ឋាគារឯករាជ្យ (សណ្ឋាគារ៧ជាន់) សណ្ឋាគារហូវើដ ចនសិន (សមុទ្រខៀវ) មុនត្រលប់មកកាន់រាជធានីភ្នំពេញវិញ។

តាមការវាយតម្លៃរបស់លោកស្រីប្រធាន ឆាយ ស៉ីវលីន ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ២យប់នេះ ប្រតិភូសមាគម CATA បានសិក្សាស្វែងយល់លើផលិតផលនិងសេវាកម្មទេសចរណ៍ជាច្រើន និងបានបញ្ជាក់អំពីផែនការរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ក្រុមហ៊ុនរបស់ខ្លួនដោយមិនស្ទាក់ស្ទើរឡើយ។ លោកស្រីប្រធានបានលើកឡើងថា ផលិតទេសចរណ៍សំខាន់ៗខាងលើនេះ គឺជាអ្វីដែលសមាគម CATA នឹងដាក់បញ្ចូលក្នុងកញ្ចប់ទស្សនកិច្ច ដើម្បីបន្ថែមការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេស។

លោកស្រី ឆាយ ស៉ីវលីន បានបន្តថា ផលិតផលទេសចរណ៍នៅទីនេះ គឺជាកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវដែលចូលចិត្តដំណើរទេសចរណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិ សមុទ្រ កោះ ខណៈសេវាកម្មនៅទីនេះគឺក្នុងលំដាប់ផ្កាយ៥ មានផលិតផលទេសចរណ៍ និងសេវាកម្មជាច្រើនប្រភេទ និងពោរពេញទៅដោយភាពទាក់ទាញ ផ្ដល់នូវភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ។ ម្យ៉ាងទៀតនៅថ្ងៃក្រោយ ក៏នឹងមានការពង្រីកផលិតផលទេសចរណ៍ និងសេវាកម្មបន្ថែមទៀតដែរ។

លោក ហៃ សាមិត្ត តំណាងរមណីយដ្ឋានរាមប៊ូទិក ក៏ដូចជារមណីយដ្ឋានកោះសំពោច បានឱ្យដឹងថា ការកែច្នៃនិងអភិវឌ្ឍផលិតផលទេសចរណ៍នៅទីនោះ គឺសុទ្ធតែអនុវត្តទៅតាមការណែនាំ និងមានការសហការពីសំណាក់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវការរក្សានិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ ដោយហេតុថាទីនោះគឺស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ពិតជាមានការសាទរចំពោះដំណើរទស្សនកិច្ចរបស់សមាគម CATA និងការដាក់បញ្ចូលបន្ថែមនូវផលិតផលទេសចរណ៍ថ្មីៗទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់សមាគមនេះ ដោយហេតុលោកយល់ថា ការវិនិយោគនិងអភិវឌ្ឍផលិតផលទេសចរណ៍ គឺជាចំណុចមួយដែលសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះ គឺការផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរ ដៃគូទីភ្នាក់ងារទេសចរណ៍ និងការរៀបចំលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរ។

លោកប្រធានមន្ទីរទេសចរណ៍បានបង្ហាញការរំពឹងថា ការរៀបចំដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះនឹងបង្កើនកិច្ចសហការរវាងភាគីរមណីយដ្ឋាន ដែលបាននិងកំពុងអភិវឌ្ឍឱ្យមានផលិតផលនិងសេវាកម្មទេសចរណ៍ ជាមួយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានាដែលជាអ្នករៀបចំនិងលក់កញ្ចប់ទស្សនកិច្ចទៅឱ្យភ្ញៀវទេសចរ ដើម្បីទាក់ទាញឱ្យភ្ញៀវឱ្យមកលេងកម្សាន្តនិងស្នាក់នៅបានយូរថ្ងៃ ពិសេសគឺចាយវាយច្រើនជាងមុន ពង្រីកឱកាសការងារកាន់តែច្រើន។ លោកមានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរនឹងកាន់តែសប្បាយចិត្តក្នុងការមកទស្សនាកម្សាន្តនៅតំបន់ឧទ្យានជាតិរាម និងរមណីយដ្ឋាននានា ក្រៅតែអំពីតំបន់ឆ្នេរសមុទ្រដែលនៅក្បែរៗទីក្រុង និងនៅក្នុងទីក្រុងព្រះសីហនុ។

ប្រធានមន្ទីរទេសចរណ៍រូបនេះបានបញ្ជាក់ថា ការពង្រីកផលិតទេសចរណ៍ និងសេវាកម្មទេសចរណ៍ថ្មីៗបន្ថែមទៅក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់លក់ជូនភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេស គឺជាការរួមចំណែកក្នុងការពង្រីកផលិតទេសចរណ៍នៅក្នុងប្រទេសឱ្យកាន់តែមានភាពសម្បូរបែប សំដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកពីក្រៅប្រទេស។ ម្យ៉ាងទៀតក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយដំណាក់កាលកូវីដ១៩ផងដែរ ខណៈដែលរាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងដើម្បីស្ដារវិស័យទេសចរណ៍ជាតិឡើងវិញ។

មិនខុសពីលោកស្រីប្រធានសមាគម CATA ឡើយ លោកប្រធានមន្ទីរទេសចរណ៍ក៏បានលើកឡើងនូវសំណូមពរដល់ខាងរមណីយដ្ឋាននានានៅតំបន់ឧទ្យានជាតិរាម គប្បីពង្រីកការទទួលបដិសណ្ឋារកិច្ច គុណភាពសេវាកម្ម សុវត្ថិភាព ការរៀបចំកែលម្អសោភ័ណភាព និងរក្សាតម្លៃស្នាក់នៅ-ម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀតឱ្យមានភាពសមរម្យ ព្រោះទាំងនេះគឺជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។

លោកស្រីប្រធាន ឆាយ ស៉ីវលីន បានបញ្ជាក់បន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ និងបានកែសម្រួលនិងលើកចេញនូវលក្ខខណ្ឌ ការរឹតត្បិតនានា ការបើកឱ្យភ្ញៀវអាចស្នើសុំទិដ្ឋការពេលមកដល់ឡើងវិញ ការកាត់បន្ថយពេលធ្វើចត្តាឡីស័កសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ពី១៤ថ្ងៃមកនៅសល់៧ថ្ងៃ) នោះ ឃើញថាមានការចាប់អារម្មណ៍ច្រើនពីបណ្ដាភ្ញៀវទេសចរនៅក្រៅប្រទេសផងដែរ ក្នុងនោះមានការកក់កញ្ចប់ទស្សនកិច្ចបណ្ដើរៗសម្រាប់រដូវភ្ញៀវច្រើន ឬ Hight Season ចាប់ពីខែតុលាតទៅ។ ដូច្នេះហើយទើបបានជាសមាគម CATA ក្នុងនាមជាទីភ្នាក់ងារទេសចរណ៍ដ៏សំខាន់នៅក្នុងប្រទេស ត្រូវតែត្រៀមនូវកញ្ចប់ទស្សនកិច្ចថ្មីៗ ក៏ដូចជាផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍សម្រាប់លក់ជូនភ្ញៀវទេសចរបរទេស៕