(ក្រចេះ)៖ កូនផ្សោត១ក្បាល ត្រូវបានគេប្រទះឃើញងាប់ ក្នុងទន្លេមេគង្គ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្រះត្រពាំងខាងលើអន្លង់កាំពីប្រហែល១០០ម៉ែត្រ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ម៉ុក ពន្លក នាយខ័ណ្ឌជលផលក្រចេះ បានឲ្យដឹងថា កូនផ្សោតញីទើបនិងកើត ចន្លោះពី៧ទៅ១០ថ្ងៃប៉ុណ្ណោះ មានទំងន់១៣គីឡូក្រាម។ ការងាប់កូនផ្សោតខាងលើ បើយោងតាមការពិនិត្យជាក់ស្ដែង គឺពុំមានមានស្លាក់ស្នាមជាប់មង ឬរងរបួសអ្វីដែលគួរឲ្យកត់សំគាល់នោះឡើយ ។

លោកនាយខ័ណ្ឌ បានបន្តទៀតថា យោងតាមបច្ចេកទេសរបស់អង្កការ WWF កូនផ្សោត១ក្បាលនេះ ទំនងជាងាប់បណ្ដាលមកពីចរិកបំពាន របស់ផ្សោតឈ្មោលព្រោះថា ជារើយៗ យោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗ សត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើពុំមានការជួយអន្ត្រាគមន៍ពីឆ្មាំទេ កូនផ្សោតទាំងនោះ និងមានគ្រោះថ្នាក់ជាពុំខាន។

ទោះយ៉ាងណាករណីកូនផ្សោតងាប់ខាងលើនេះ ត្រូវបានជំនាញរដ្ឋបាលជល អះអាងជំហ៊ានដំបូង ក៏ប៉ុន្តែលទ្ធផលយ៉ាងណា អង្កការ WWF បានយកកូនផ្សោតទៅរក្សាទុក នៅទីស្នាក់ការរបស់ខ្លួន ដើម្បីធ្វើកោសល្យវិច័យរកមូលហេតុបន្ត៕