(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ផែនសុខាភិបាល បានសហការជាមួយក្រុមការងារថ្នាក់ខេត្តចុះជួយឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានរៀបចំពិធីដាក់ឲ្យដំណើរការកម្មវិធីពិនិត្យព្យាបាល ថែទាំជំងឺមនុស្សចាស់ ដោយផ្ដោតលើជំងឺរាំរ៉ៃចំនួន២ គឺជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម នៅឃុំព្រះឃ្លាំង។

ពិធីនេះ ក្រោមវត្តមាន ស៊ូ សិរី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកត្បែងមានជ័យ និងមានការចូលរួមពី អ៊ុក គឹមសាន្ត ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក វេជ្ជបណ្ឌិត គួង ឡូ អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ប្រធានផែនសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំព្រះឃ្លាំង ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក ស៊ូ សិរី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅ របស់សមាជិក សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។

លោក ស៊ូ សិរី បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាព ពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើន គួរឲ្យកត់សម្គាល់តាំងពីទីក្រុង រហូតជនបទដាច់ស្រយ៉ាល គឺក្នុងទិសដៅតែមួយគត់ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូធា និងរស់នៅដោយក្តីសុខសាន្ត ក្រោមដំបូលសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខំរកបានទាំងលំបាក។

ជាក់ស្តែងថ្ងៃនេះ ក្រោមការយកចិត្តទុកដាក់ពីក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកត្បែងមានជ័យ ក៏ដូចជាក្រុមការងារគណបក្សខេត្តចុះជួយឃុំព្រះឃ្លាំង គឺយើងបានប្រកាសដាក់ឲ្យដំណើរការ កម្មវិធី ពិនិត្យ ព្យាបាល ថែទាំជំងឺមនុស្សចាស់ ដោយផ្តោតលើជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាម ដោយឥតគិតថ្លៃ ពីក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ ផែនសុខាភិបាល ជាមួយគ្នានេះសូមប្រជាពលរដ្ឋដែលមានវ័យចាស់ជរា សូមអញ្ជើញទៅពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដែលក្រុមការងារបានរៀបចំនៅតាមទីតាំងចំនួន៣កន្លែង។

ដោយឡែកលោក អ៊ុក គឹមសាន្ត ក៏បានថ្លែងដោយក្តីមោទនភាព ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សខេត្ត ក៏ដូចជាសកម្មភាពការងារ យុវជនគណបក្សតាម ក្រុង ស្រុក ដែលបានខិតខំបំពេញតួនាទី ភារកិច្ច បានយ៉ាងល្អប្រសើរ ស្របតាមគោលការណ៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់លោកប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក៏ដូចជាគោលការណ៍ណែនាំរបស់គណបក្យប្រជាជនកម្ពុជាទាំងមូលផងដែរ។

លោកក៏ជំរុញឲ្យយុវជនគណបក្សទូទាំងខេត្តព្រះវិហារ ត្រូវខិតខំថែមទៀត ដើម្បីគណបក្ស ពិសេសត្រូវចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃខាងមុខនេះ ដើម្បីដណ្តើមជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាយើង។

បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា ក្រុមការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលផ្តល់ការព្យបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ គឺបានជួយកាត់បន្ថយបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារបានមួយចំណែកផងដែរ។

លោកបន្តថា សម្រាប់ខែបន្តបន្ទាប់ក្រុមការងារយុវជនគណបក្សដែលជាគ្រូពេទ្យនឹងចុះពិនិត្យ តាមដានជំងឺដល់ផ្ទះប្រជាពលរដ្ឋតែម្តង ដែលនេះជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋឃុំព្រះឃ្លាំងផងដែរ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ទាំងដូសមូលដ្ឋាននិងដូសជំរុញ។

លោកក៏ណែនាំបន្ថែមដល់មន្ត្រីក៏ដូចជាលោកប្រធានគណបក្សឃុំ ត្រូវស្រាវជ្រាវដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានច្បាស់លាស់ ដើម្បីឲ្យក្រុមការងារសុខាភិបាល ចុះទៅចាក់ជូនពួកគាត់ដល់លំនៅដ្ឋានតែម្តង៕