(ព្រះសីហនុ-កោះកុង)៖ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំនួន២២០គ្រួសារ ទទួលបានអំណោយពីមីលីផល អ៊ិនធើណាសូណល នៃប្រទេស អេមីរ៉ាតអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសប្បុរសជនប្រទេសគុយវ៉ែត តាមរយៈមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ សហការរៀបចំដោយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ពិធីចែកអំណោយនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅភូមិអូត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងចំនួន២២០គ្រួសារ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ មីលីផល អ៊ិនធើណាសូណល និង សប្បុរសជនប្រទេសគុយវ៉ែត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជា ដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

លោកបណ្ឌិតក៏បានរំលឹកនូវសមិទ្ធផលជាច្រើនដែលសហគមន៍ឥស្លាម ទទួលបានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សាសនិកឥស្លាមមានឱកាស ដើម្បីបានចូលបម្រើការងារជូនរដ្ឋ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ គ្រូបង្រៀនខ្មែរឥស្លាម ១,៥០០នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំយុវជន និងកីឡា។

ស្ដ្ត្រីឥស្លាម អាចពាក់ហ៊ីចាប (ពាក់ក្រមាបិទបាំងសក់) ចូលសិក្សានៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការបំពេញការងារនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល។ល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនា សម្រាប់ការថតរូបឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងលិខិតរដ្ឋបាលផ្សេងៗតាមតម្រូវការ។

លោក អូស្មាន ហាស្សាន់ បានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ ដូច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។

ជាចុងក្រោយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានរំលឹកដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពខ្លួនឯង ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការខាងលើ សម្រាប់ប្រជាពលរដ្ឋមកពីភូមិខ្មែរឥស្លាម ទាំង៤២០គ្រួសារ ដោយ២០០ គ្រួសារនៅស្រុកព្រែនប់ ក្នុងមួយគ្រួសារទទួល បានអង្ករ ២៥គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង និងទឹកសេរ៉ូ១ដប។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋចំនួន២២០គ្រួសារ នៅក្រុងខេមរភូមិន្ទ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ៥កញ្ចប់ ស្ករស ១គីឡូក្រាម និងប្រេងឆា ១ដប៕