(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺបានផ្តល់សន្តិភាព និងការអភិវឌ្ឍដល់គ្រប់វិស័យ។

លោកស្រីបានថ្លែង ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូល សមាជិកបក្សចំនួន២៦៧នាក់ ក្នុងឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២២។

លោកស្រី បានកោតសរសើរចំពោះអាជ្ញាធរដែនដី ក្នុងការយកចិត្តទុកដាក់បម្រើការងារ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្ត ឲ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត។

លោកស្រីបានសង្កត់ធ្ងន់ថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល។

លោកស្រីបានលើកឡើងថាការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធិផលនានាសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការជម្រាបជូនដល់ប្អូនៗ និងជាពិសេសកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្រេចបានលទ្ធផល នៃការចាក់វ៉ាក់សាំងទាំងដុសមូលដ្ឋាន និងដុសជម្រុញជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

លោកស្រីសូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ ពិសេស ស្រឡាញ់គណបក្ស និងបន្តចូលរួមគ្រប់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស»