(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូល សមាជិកបក្សចំនួន១១៦នាក់ ក្នុងឃុំកំពង់គោស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

លោកស្រី បានកោតសរសើរចំពោះអាជ្ញាធរដែនដី ក្នុងការយកចិត្តទុកដាក់បម្រើការងារ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀតដើម្បីរួមគ្នាធ្វើអំពើល្អបម្រើប្រជាជន និងជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា។

លោកស្រី បានសង្កត់ធ្ងន់ថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល។

លោកស្រីបន្តថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន។ ផ្ទុយទៅវិញបើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាងរួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យបានជឿនលឿនលើគ្រប់វិស័យ នឹងត្រូវបាត់បង់ផងដែរ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។

លោកស្រីបន្តថា កត្តាសុខសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបានដោយរក្សា នូវសុវត្តិភាព សេ្ថរភាពល្អ នៅក្នុងសង្គមជាតិ ហេតុដូចនេះហើយ ទើបយើងត្រូវចូលរួមក្នុងការថែរក្សាសុខសន្តិភាព ឲ្យបានពេញលេញ ដោយមិនឲ្យរបូតពីដៃរបស់យើងឡើយ។

លោកស្រីបានបន្តទៀតថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេសអាស្រ័យ ដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា មានការប្រែប្រួលរីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យដូចដែលយើងបានឃើញ ក្នុងបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនោះដែរ លោកស្រី បានអរគុណដល់បងប្អូន ដែលសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយជឿទុកចិត្តលើការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការដឹកនាំប្រទេសជាតិកម្ពុជាឆ្ពោះទៅ រកសន្ដិភាព ហើយការមករួមរស់ជាមួយគណបក្សប្រជាជន របស់បងប្អូននៅពេលនេះ គឺមិនមានការបង្ខិតបង្ខំឡើយ។

លោកស្រីសូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ ពិសេស ស្រឡាញ់គណបក្ស និងបន្តចូលរួមគ្រប់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស»៕