(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំងនគរបាល នាំខ្លួនជនដៃដល់ ដែលសម្លាប់នារីរងគ្រោះ ទៅយកទូរស័ព្ទ របស់នារីរងគ្រោះ ក្រោយពីពួកវាបានយកទូរស័ព្ទ ទៅលក់នៅផ្សារទឹកថ្លាតម្លៃ ៧០ដុល្លារ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយសម្លាប់នារីរងគ្រោះហើយ ក្រុមជនដៃដល់បានយកម៉ូតូ និងទូរស័ព្ទរបស់នាង ដោយទូរស័ព្ទទៅលក់នៅផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយម៉ូតូមិនទាន់បានលក់ទេ ដោយកម្លាំងនគរបាលយើង បង្ក្រាប និងដកហូតទាន់ពេល។

សូមបញ្ជាក់ថា ឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹក នៅរសៀលថ្ងៃនេះ ឥឡូវកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ និងបក្ខពួកមាន ស្រី មានប្រុស ជិត១០ហើយ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ដែលដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីឃាតកម្មនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងយើងបានឃាត់ខ្លួន ជនដៃដល់៣ទៅ៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួន ពួកគេធ្វើឡើងនៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ»

លោកអធិការ បានបន្តទៀតថា ក្រោយការចាប់ខ្លួនយើង ក៏បានដកហូតម៉ូតូរបស់នារីរងគ្រោះផងដែរ ហើយនៅពេលនេះ កំពុងយកទៅសួរនាំ ថាតើនរណាជាប់ពាក់ព័ន្ធខ្លះ នៃអំពើឃាតកម្មនេះ។

សូមបញ្ជាក់ថា ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញដេកស្លាប់​ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូសំណង់បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃនេះ។

ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ទី១២ដេ៕