(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា នៅកម្ពុជាមានតែទេសចរណ៍៣ប្រភេទប៉ុណ្ណោះ ដែលបានដំណើរការ ខណៈដែលទេសចរណ៍៣ប្រទេសទៀត មិនទាន់អាចដំណើរការបាននៅឡើយ។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត្យសភាចារ្យ សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់កម្ពុជាយើងមានតែ៣នោះទេ ដែលដើរ ខណៈវិស័យចំនួន៣ទៀត ដែលមិនទាន់ដើរ ហើយវិស័យទេសចរណ៍ចំនួន៣ ដែលកម្ពុជាកំពុងដើរនោះរួមមាន៖ ទេសចរណ៍បរិស្ថាន, ទេសចរណ៍ឆ្នេរ និងទេសចរណ៍វប្បធម៌ ខណៈវិស័យទេសចរណ៍ផលិតផល, ទេសចរណ៍សិប្បនិម្មិត, ទេសចរណ៍សុខាភិបាល និងវិធានការដើម្បីទេសចរណ៍កម្ពុជា នៅមិនទាន់ដើរនោះទេ»

បើតាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា, សម្រាប់វិស័យទេសចរណ៍បរិស្ថាន គឺត្រូវបញ្ចៀសឱ្យកាបំពុលបរិស្ថានធ្ងន់ធ្ងរគ្រប់រូបភាព, ការជំរុញបង្កើនសោភ័ណភាពគោលដៅទេសចរណ៍, ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ និងធ្វើការណែនាំ និងការផាកពិន័យចំពោះការប្រព្រឹត្តល្មើសផ្សេងៗ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា ដើម្បីឱ្យក្លាយជាផ្នែកមួយ ដែលមានសារៈសំខាន់ ក្នុងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែមានភាពប្រសើរឡើងនោះ អ្នកបម្រើសេវាកម្មផ្នែកទេសចរណ៍ ត្រូវមានធនធានមនុស្សប្រកដដោយជំនាញពិតប្រាកដ និងច្បាស់លាស់ បំពេញការងារដោយគោរពឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ មានជំនាញឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ ហើយម្ហូបអាហារត្រូវតែមានអនាម័យ និងស្តង់ដារ។

លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ការធ្វើបដិសណ្ឋារកិច្ច ដោយបង្ហាញស្នាមញញឹម ភាពរួសរាយរាក់ទាក់ ការធានាបាននូវភាពកក់ក្តៅ ស្វែងយល់ពីតម្រូវការចាំបាច់របស់ភ្ញៀវទេសចរជាគោលដៅ និងការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំល្អ។ ទន្ទឹមនឹងនេះត្រូវមានភាពស្មោះត្រង់ ផ្តល់ព័ត៌មានពិតប្រាកដ និងច្បាស់លាស់ ធានាបាននូវផលិតផល ក៏ដូចជាវត្ថុអនុស្សាវរីយ៍ដែលមានគុណភាព មិនបោកប្រាស់ ឬធ្វើឱ្យភាន់ច្រឡំ មិនកេងចំណេញ និងមិនក្លែងបន្លំ ព្រមទាំងផ្តល់សេវាកម្មឆ្លើយតបតម្រូវការពិត។

លោកបានក្រើនរំឮកថា កុំយកថវិកាភ្ញៀវទេសចរ នៅពេលបំពេញពាក្យ, កុំភូតភរនាំភ្ញៀវទិញទំនិញគ្មានគុណភាព, កុំនាំភ្ញៀវទេសចរទៅលេងប្រាសាទផ្សេង ហើយភូតភរថាបានទៅលេងអង្គរវត្ត, កុំបោកប្រាស់ភ្ញៀវទេសចរអំពីការធ្វើដំណើរ កុំបញ្ឆោតគេទៅទិញសម្ភារអនុស្សាវរីយ៍ កុំភូតភរផ្តល់ព័ត៌មានមិនពិត និងកុំផ្តល់ទំនិញ ឬសេវាកម្មដែលគ្មានគុណជាដើម។ល៕