(ភ្នំពេញ)៖ លោក ឈួន មករា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយករដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិចន្លោះពី៦០ ទៅ៧០ម៉ឺននាក់ ខណៈ៥ឆ្នាំក្រោយទៀតកម្ពុជានឹងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះ៧លាននាក់។

ការបញ្ជាក់ឱ្យដឹងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាយតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

លោក ឈួន មករា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ទេសចរអន្តរជាតិ នៅឆ្នាំ២០២២នេះ យើងរំពឹងថា នឹងទទួលបានតែចន្លោះពី ៦០ទៅ៧០ម៉ឺននាក់ទេ កាលពីមុនយើងរំពឹងដល់ទៅ៨០ម៉ឺននាក់ ប៉ុន្តែឥឡូវធ្លាក់ដោយសារតែវិបត្តិសង្គ្រាម (អ៊ុយក្រែន និងរុស្ស៉ី) និងវិបត្តិផ្សេងៗផង ជាពិសេសទីផ្សារអឺរ៉ុប និងអាមេរិក បានជួបនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងរុស្ស៉ី»

មន្រ្តីរូបនេះបានបញ្ជាក់បន្ថែមថា៖ «យើងរំពឹងថា នឹងបានទេសចរណ៍ដូចដើមវិញនៅក្នុងឆ្នាំ២០២៥ គឺ ៧លាននាក់ ប៉ុន្តែតាមស្ថានភាពបច្ចុប្បន្ននេះ វិស័យទេសចរណ៍អាចឈានរហូតដល់ឆ្នាំ២០២៧»

សម្រាប់ទេសចរណ៍ផ្ទៃក្នុងវាអាចមានល្បឿនលឿនមានន័យថា វាអាចមានទម្រង់ជាអក្សរ (V) សម្រាប់នៅឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ៨លាននាក់ ខណៈគ្រាន់តែក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃ បូករួមទាំងថ្ងៃអាទិត្យកម្ពុជា មានភ្ញៀវទេសចរដើរកម្សាន្ត ៥,១៧លាននាក់។ ដូច្នេះរំពឹងថានៅឆ្នាំ២០២៣ កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ ១១លាននាក់។ នេះបើតាមការអះអាងរបស់ លោក ឈួន មករា។

មន្ត្រីក្រសួងទេសចរណ៍រូបនេះ បានគូសបញ្ជាក់ថា បើតាមស្ថានភាពដូចបច្ចុប្បន្ននេះ កម្ពុជាប្រើពេលវេលាតែ៣ឆ្នាំតែប៉ុណ្ណោះ អាចទាញយកចំនួនភ្ញៀវទេសចរឡើងវិញ ដូចសម័យមុនផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។ គ្រាន់តែស្ថិតិនៅឆ្នាំ២០២២ រហូតខែកុម្ភៈ មានចំនួនភ្ញៀវទេសចរ ៩៥,១៤៥នាក់ ដូច្នេះ កម្ពុជានឹងខិតខំសម្រេចគោលដៅភ្ញៀវទេសចរបរទេសឱ្យបាន ៦០ ទៅ៧០ម៉ឺននាក់ឱ្យបានតាមផែនការគ្រោងទុក៕