(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត-ស្រុក ដើម្បីចូលរួមក្នុងពិធីក្រុងពាលី ចាប់ផ្តើមសាងសង់ក្លោងទ្វារ សាលាបឋមសិក្សាអូររាំងឪ និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបឋមសិក្សា និងវិទ្យាល័យនៅទូទាំងឃុំឃុំអំពិលតាពក ស្រុកអូររាំងឪ។

ក្លោងទ្វារសាលាបឋមសិក្សាអូររាំងឪ មានទីតាំងស្ថិតនៅភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលនឹងត្រូវសាងសង់រយៈពេល២ខែ១៥ថ្ងៃ និងត្រូវចំណាយថវិកាប្រមាណ៨០០០ដុល្លារ ក្រោមការផ្ដួចផ្តើមដោយលោក ហាក់ សុខមករា និងដោយមានការចូលរួមថវិកាពីសប្បុរសជននានាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបានបង្ហាញបេក្ខភាពក្រុមប្រឹក្សាឃុំពេញសិទ្ធិ និងបម្រុង និងស្នើសុំផ្ដល់ការទុកចិត្ត និងសុំការគាំទ្រចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលខាងមុខ ព្រមទាំងបាននាំយកថវិកាមួយចំនួនជូនដល់លោក-លោកស្រី បេក្ខជនក្រុមប្រឹក្សាឃុំពេញសិទ្ធិ និងបម្រុងចំនួន២៥នាក់ ក្នុងម្នាក់២ម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន៨២នាក់ ក្នុងម្នាក់២ម៉ឺនរៀល និងចំណាយលើការរៀបចំកម្មវិធីសរុបថវិកាអស់៤លាន៨០ម៉ឺនរៀល៕