(កណ្តាល)៖ លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួនជាង២០នាក់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ចូលគោរពវិញ្ញាណក្ខន្ធសពមន្រ្តីនគរបាល ទាំង២នាក់ ដែលបានបាត់បង់ជីវិតអំឡុងពេលចុះបង្ក្រាបគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ដោយសារក្រុមជនល្មើសបាញ់ប្រហារ។

លោកព្រះរាជអាជ្ញា និងក្រុមការងារទាំងអស់ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ដែលបានពលីក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនេះជាការពាក់លីមួយដ៏មានអត្ថន័យនិងមានខ្លឹមសារបំផុត។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មន្រ្តីនគរបាលចំនួន២រូបបានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់ រីឯជនសង្ស័យត្រូវបានស្លាប់ម្នាក់ផងដែរពេលចុះបង្ក្រាបនោះ។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល
*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។ រីឯជនសង្ស័យដែលស្លាប់ឈ្មោះ ធីម ខោះន ហៅពែក។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ម្នាក់បានស្លាប់ និងបក្ខពួកមួយចំនួនក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ៕