(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលបាននិយាយបំផ្លើសខុសពីការពិតនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចំណងជើងថា «លោក​ ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ»។

លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តជាពន់ពេក ជុំវិញការចុះផ្សាយចំណងជើងរបស់កាសែត The Cambodia Daily នៅព្រឹកថ្ងៃនេះថា ពាក្យពេជន៍លើចំណងជើង លើអត្តបទនេះ គឺបានបំផ្លើសទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុសពីប្រសាសន៍ដើមរបស់សម្តេច ដោយនេះមានចេតនាយ៉ាងច្បាស់លាស់ ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។

ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងច្បាស់ទៀតថា ចំណងជើងរបស់កាសែតមួយនេះ «លោក​ ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ» គឺមានបំណងឲ្យមហាជនទាំងក្នុង​ និងក្រៅប្រទេស មានការច្រឡំយ៉ាងធ្ងន់បំផុតចំពោះវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលហាមចំពោះជនទាំងឡាយណាដែល ប្រព្រឹត្តិទង្វើខុសច្បាប់ត្រូវចាប់ទាំងអស់ ទោះបីស្លៀកពាក់ពណ៌អ្វីក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែងចង់ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង! អត់មានរញ៉េរញ៉ៃទេ [...]។ [...] កន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេថា ពណ៌ខ្មៅ ខ្ញុំថា ពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លាំងប្រដាប់អាវុធគេបង្កើតឡើង ដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដើម្បីដាក់អ្នកទោសកុំឆ្ងល់ពេក»

ជុំវិញការចុះផ្សាយរបស់ The Cambodia Daily លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទាមទារឲ្យកាសែតមួយនេះ ធ្វើការកែតម្រូវជាបន្ទាន់ និងប្រញាប់ចំពោះការចុះផ្សាយខុសវិជ្ជាជីវៈរបស់ខ្លួនឡើងវិញ ដើម្បីគោលបំណងជៀសវាងការភ័ន្តច្រឡំរបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។

សូមជំរាបថា កាលពីម្សិលមិញក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រ​ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ បានបញ្ជាក់ដូច្នេះទៀតថា «សូមកុំប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដើម្បីបំពានអ្នកដទៃ កុំឲ្យសោះរាជរដ្ឋាភិបាលត្រូវការ រក្សាសន្តិភាព សម្រាប់ប្រទេស រក្សានូវស្ថេរភាពនយោបាយសម្រាប់ប្រទេស ដើម្បីការអភិវឌ្ឍ បុគ្គលធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើកុំតែអ្នកឯងធ្វើខុស វាគ្មាននរណាគេទៅចាប់អ្នកឯងទេ គ្មាននរណាយកអ្នកឯងទៅកាត់ទោសទេ»។

សូមស្តាប់ស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖