(ភ្នំពេញ)៖ លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចកែប្រែបទចោទប្រកាន់លើក្រុមចោរប្លន់ចំនួន ៣នាក់ ពីធ្ងន់មកស្រាល ជាការទុកឱកាសមួយដល់ជនជាប់ចោទទាំង៣នាក់ អាចចេញពីពន្ធនាគារបានឆាប់ៗ។

លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត បានប្តូរបទចោទប្រកាន់លើក្រុមចោរទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ហេង សុខលី ហៅតឿ
*ទី២៖ ឈ្មោះ យ៉េង ឌីណា
*ទី៣៖ ឈ្មោះ សុខ ដា។ ក្រុមចោរទាំង៣នាក់ ត្រូវបានចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់» យោងមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសឧក្រិដ្ឋត្រូវជាប់គុកពី៣ឆ្នាំ ទៅ១០ឆ្នាំ ប៉ុន្តែលោកចៅក្រម បានប្តូរទៅជាបទលួចធម្មតា តាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ ជាបទល្មើសមជ្ឈិមដោយអនុវត្តទោសត្រឹមតែ ១៨ខែតែប៉ុណ្ណោះ។

ការសម្រេចរបស់លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ត្រូវបានគេលើកឡើងថា វាជាការផ្ដល់ឱកាសដល់ចោរអាចចេញពីពន្ធនាគារវិញ។

សូមជម្រាបជូនថា សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនក្រុមលោកចោរទាំង៣នាក់ខាងលើ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីរងគ្រោះឈ្មោះ យ៉ា ធារី៕