(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ស្ថិតនៅភូមិសាស្ត្រទឹកដីខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

អំណោយទាំងនោះរួមមាន៖ កុំព្យូទ័រលើតុចំនួន ៨គ្រឿង កុំព្យូទ័រយួដៃចំនួន ២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន ១០គ្រឿង ដែលអំណោយដ៏មានតម្លៃទាំងនេះ សម្រាប់ប្រើប្រាស់គ្រប់ការិយាល័យជំនាញនិមួយៗនៅក្នុងអង្គភាព។

បន្ទាប់ពីទទួលអំណោយដ៏ថ្លៃថ្លានេះ មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការកងទ័ពជើងគោក ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ ថវិកា សម្ភារ និងស្មារតី ដល់គ្រប់បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក។

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានបានបញ្ជាក់ថា អំណោយជាសម្ភារការិយាល័យទាំងអស់នេះពិតជាបានឆ្លើយតបនឹងតម្រូវការការងារ នៅពេលបច្ចុប្បន្នរបស់អង្គភាពដើម្បីប្រើប្រាស់ក្នុងការទទួលបានប្រសិទ្ធភាព និងគុណភាពការងារតាមជំនាញនីមួយៗ៕