(ភ្នំពេញ)៖ កងទ័ពជាង ៣ពាន់នាក់ ត្រូវបានដាក់ពង្រាយ និងចល័តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញជូនកម្មករ និយោជិតនៅតាមរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនកិច្ចការពារសុខភាពកម្មករ និយោជិតពីការរាតត្បាតជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសជំរុញនៅតាមរោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ។

តាមរយៈដំណើរចុះពិនិត្យនោះ គេបានឃើញថា ក្រុមការងារចាក់វ៉ាក់សាំងមកពីតាមអង្គភាពនានាចំណុះឱ្យក្រសួងការពារជាតិ បាននិងកំពុងបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ។ ដោយឡែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចថ្នាក់ដឹកនាំនៅតាមរោងចក្រនីមួយៗ ក៏បានចូលរួមសហការផ្តល់ឱកាសឱ្យកម្មករនិយោជិត បានទទួលវ៉ាក់សាំងដូសជំរុញនេះផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមេសា កន្លងទៅនេះ សម្តេចបានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងឱ្យបង្កើនការចាក់ដូសជំរុញជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមរោងចក្រសហគ្រាស បន្ទាប់ពីការចាក់ដូសជំរុញនោះមានល្បឿនយឺត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា បន្ទាប់ពីទទួលបានអនុសាសន៍ និងបទបញ្ជានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ចែងបញ្ចេញកម្លាំងទ័ពជាក្រុមការងារចាក់វ៉ាក់សាំងសរុប ៣,៤៨៤នាក់ ក្នុងមានក្រុមគ្រូពេទ្យ ១០៦ក្រុម ត្រូវបានពង្រាយឱ្យចុះប្រតិបត្តិការចាក់វ៉ាក់សាំងនៅតាមរោងចក្រ សហគ្រាសនានាក្នុងរាជធានីភ្នំពេញ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងទៀតថា ការចាក់នេះទៀតសោត ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ត្រូវចល័តទៅដល់រោងចក្រ ហើយត្រូវសហការជាមួយរោងចក្រធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់ការងាររបស់កម្មករ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា ការចាក់ដូសជំរុញកំពុងដំណើរការទៅយ៉ាងល្អ ដោយមានកិច្ចសហការគ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង អាជ្ញាធររាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំរោងចក្រនានា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីចាក់ដូសជំរុញជូនកម្មករ និយោជិតរួចរាល់ហើយនោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ នឹងបន្តចល័តចាក់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឬនៅតាមទីប្រជុំជននានា ដើម្បីធានាថាពួកគាត់បានដូសជំរុញក្នុងការការពារសុខភាពពីជំងឺកូវីដ១៩។

ប្រធានគណៈកម្មការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ បានគូសរំលេចថា ការចាត់ចែងចល័តកងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាការបង្ហាញឱ្យឃើញពីការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំជាតិទាំងអស់ ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ការរាតត្បាតជាថ្មីនៃជំងឺកូវីដ១៩ ដែលនាំឱ្យកើតការលំបាកក្នុងសង្គមទាំងមូល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតពន្យល់ដោយផ្អែកលើជំនាញផ្នែកវេជ្ជសាស្ត្រថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វានឹងចុះខ្សោយក្រោយពេលចាក់ចន្លោះ ៤ខែ ទៅ៦ខែ។ ដូច្នេះការចាក់ដូសជំរុញមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនអង់ទីករឡើងវិញទប់ទល់នឹងជំងឺកូវីដ១៩។ លោក ឥត សារ៉ាត់ បានអំពាវនាវដល់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់ដូសជំរុញ ចូលរួមទទួលយកដូសជំរុញទាំងអស់គ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារសុខភាពពីការរាតត្បាតជំងឺកូវីដ១៩។

តាមរយៈដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញនៅតាមរោងចក្រនេះ គេបានរកឃើញថា កម្មករ កម្មការិនីសុទ្ធតែចាប់ផ្តើមចាក់ដូសជំរុញទី៤ តែក្នុងនោះក៏មានខ្លះទើបនឹងចាក់ដូសទី១ និងចាក់ដូសទី២ និងខ្លះទៀតចាក់ដូសទី៣។ កម្មករ កម្មការិនី ដែលទើបចាក់ដូសទី១ ឬទី២ បានអះអាងថា កាលពីពេលមុនគាត់ជាប់មានផ្ទៃពោះ និងទើបសម្រាលកូនជាដើម។

សូមបញ្ជាក់ថា កម្ពុជាបាននិងកំពុងគ្រប់គ្រងបានយ៉ាងល្អលើការរាតត្បាតជំងឺកូវីដ១៩ បន្ទាប់ពីការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២១។ ពេលនេះរាជរដ្ឋាភិបាល កំពុងបន្តជំរុញការចាក់ដូសជំរុញ ជាពិសេសដូសទី៣ និងទី៤។

របាយការណ៍បានបង្ហាញថា កម្ពុជាសម្រេចការចាក់ដូសជំរុញដូសទី៣ បានជាង ៨លាននាក់ និងដូសទី៤ បានជាង ១លាននាក់៕