(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ទំនប់បង្ហៀរ ស្ថិតនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក យុទ្ធ ចាន់ផល មេឃុំច្បារអំពៅ បានប្រាប់ឲ្យដឹងថា សំណង់បង្ហៀរ (ទ្វារ២) លើស្ទឹងឆ្វេង សំណង់បង្អៀរ (ទ្វារ២) ទី១ ប្រវែង១០០ម៉ែត្រ និងសំណង់បង្អៀរ (ទ្វារ២) ទី២ មានប្រវែង២០០ម៉ែត្រ ទទឹងមានប្រវែង៥,៦០ ម៉ែត្រ។ ដោយសំណង់បង្អៀរ (ទ្វារ២) ទី១ សាងសង់បាន៩០% ហើយចាប់ផ្ដើមសាងសង់ក្នុងខែមីនា ឆ្នាំ២០២២។ ដោយឡែកសំណង់បង្អៀរ (ទ្វារ២) ទី២ កំពុងចាប់ផ្ដើមដំណើរការសាងសង់។

លោកមេឃុំបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២១ កន្លងទៅ តំបន់ខាងលើមានការចម្រូងចម្រាស់ ខ្វែងគំនិតគ្នាពីសំណាក់ប្រជាពលរដ្ឋនៅសងខាងស្ទឹង ដោយកាលនោះមានមតិខ្លះមិនឱ្យទប់ទំនប់រក្សាទឹក និងមតិខ្លះទៀតចង់ទប់ ទំនប់រក្សាទឹក។

រហូតដល់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ ចុះមកពិនិត្យសិក្សាដោយផ្ទាល់ ទើបរៀបចំផែនការដើម្បីសាងសង់ទំនប់បង្ហៀរនេះឡើង ក្នុងគោលបំណងដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋ និងជួយដោះស្រាយប្រជាពលរដ្ឋចំនួន៣ស្រុក ឱ្យមានប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំងជាដើម។

លោកមេឃុំច្បារអំពៅ បានបញ្ជាក់ថា ការសាងសង់ទំនប់បង្ហៀរនេះ គឺមានផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះដូចជា នៅពេលដែលទឹកស្រកផុតទៅ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតំបន់នេះ អាចអាចធ្វើដំណើរឆ្លងស្ទឹង ឬដឹកកសិផលឆ្លងកាត់ ដោយមិនចាំបាច់ប្រើទូកចម្លង ឬធ្វើស្ពានឆ្លងដូចមុនទេ។

ម្យ៉ាងទៀតទំនប់បង្ហៀរនេះ មានទ្វារបិទបើក សម្រាប់ទប់ទឹក និងបង្ហូរទឹកចេញ ដែលប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្នុងស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេស សម្រាប់ស្រោចដំណាំ និងធ្វើស្រូវប្រាំងជាដើម៕