(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស បានបញ្ជាឲ្យក្រុមគ្រូពេទ្យ និងក្រុមជំនួយការសុខាភិបាលកងទ័ពជើងអាកាសចំនួន ១៤៤នាក់ ចែកចេញជា៦ ក្រុម បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សឹង សំណាង អមដំណើរដោយឧត្តមសេនីយ៍ឯក យិន សុខា មេបញ្ជាការរង និងយាមទាហានកងទ័ពជើងអាកាស បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើងដោយផ្អែកតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ បានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូសទី៤ ឱ្យបានលឿនរហ័សជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះស្ថិតនៅកន្លែងណាក៏ដោយក្ រុមគ្រូពេទ្យត្រូវបន្តការងារចាក់វ៉ាក់សាំងដូសជំរុញនេះ។

យោងតាមរបាយការណ៍ពីក្រុមការងារចាក់វ៉ាក់សាំងកងទ័ពជើងអាកាសបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២០ រហូតមកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ចំនួន ១,៤៤០នាក់ ត្រូវបានក្រុមការងារកងទ័ពជើង បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤។ ក្នុងនោះក្រុមគ្រូពេទ្យកងទ័ពជើងអាកាស ទទួលបន្ទុកចាក់វ៉ាក់សាំងប្រភេទ AstraZeneca។

តាមការសង្កេតមានប្រជាពលរដ្ឋ និងកម្មករជាច្រើននាក់ មានឆន្ទៈចូលរួមយ៉ាងផុលផុស ជាពិសេសដោយសារតែទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ប្រធានរោងចក្រ សហគ្រាសនានា ដែលស្ថិតក្នុងខណ្ឌដង្កោទាំងមូលបានសហការជាមួយអាជ្ញាធរដែនដី ផ្តល់លទ្ធភាពយ៉ាងប្រសើរដល់ក្រុមគ្រូពេទ្យនៃកងទ័ពជើងអាកាសឱ្យដំណើរការចាក់វ៉ាក់សាំងប្រកបដោយភាពរលូន។

នាយឧត្តមសេនីយ៍ សឹង សំណាង បានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ធ្វើយ៉ាងណាត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំង ឲ្យមានខ្យល់អាកាសល្អ និងចេះថែទាំវ៉ាក់សាំងទៅតាមនិតិវិធីរបស់ក្រសួងសុខាភិបាល ជាពិសេសកុំភ្លេចវិធានការរបស់សម្តេចតេជោ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានសំណោះសំណាលជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋ កម្មករ កម្មការិនី ឲ្យរួសរាន់មកទទួលការចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ បានក្រើនរំលឹកថា បើទោះជាការឆ្លងរាលដាលក្នុងសហគមន៍ បានថមថយយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ឲ្យប្រជាពលរដ្ឋទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាថាសហគមន៍កម្ពុជា គ្មានជំងឺកូវីដ១៩ នាពេលអនាគត៕