(កណ្ដាល)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ប្រតិភូរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធសពលោកវរសេនិយ៍ត្រី ជុច សុភា និងលោក អនុសេនិយ៍ទោ រឹម សុផាន់ណា មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានពលីជីវិតក្នុងបេសកកម្មបង្ក្រាបគ្រឿងញៀនកាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ចូលរួមក្នុងពិធីដ៏ក្រៀមក្រំនេះ ប្រតិភូបានចូលរួមមរណៈទុក្ខ សំដែងនូវការសោកស្ដាយ និងបានចូលបច្ច័យបុណ្យ២លានរៀល ក្នុងសពនីមួយៗ និងឧបត្ថម្ភថវិកា១លានរៀល ដល់មន្ត្រីដែលរងរបួស១រូបផងដែរ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។

មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល
*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល៕