(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុនទ្រីភាពគ្រុប ជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណក្នុងការប្រ​មូលទិញ​អនុផលព្រៃ​ឈើនៅកម្ពុជា បានប្រកាសថា ខ្លួននឹងមិនចូលរួមដេញថ្លៃឈើប្រមាណ ៧ម៉ឺនម៉ែត្រគូប ដែលរឹបអូសបានពីការជួញដូរ​ខុសច្បាប់នោះឡើយ ព្រោះមិនចង់ឲ្យជាប់ ពាក់ព័ន្ធនឹងការនិន្ទារិះគន់នានាក្នុងសំណុំរឿងព្រៃឈើ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសឲ្យដឹងថា សម្តេចបានឯកភាពឲ្យបង្កើតគណៈកម្មការធ្វើការដេញថ្លៃឈើប្រមាណ ៧ម៉ឺនម៉ែត្រគូប ដែលរឹបអូសបានពីបទល្មើសព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងស្រុក ហើយថវិកាទទួលបានពីឈើ ត្រូវយកទៅប្រើប្រាស់ក្នុងវិស័យអប់រំ។ ការបង្កើតគណៈកម្មការដេញថ្លៃលើឈើ ដែលរឹបអូសបាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ មិនមានលទ្ធភាពក្នុងការ ប្រមូលយកឈើទាំងអស់នោះ។

ឆ្លើយតបនិងការប្រកាសឲ្យមានការដេញថ្លៃឈើពីប្រមុខរាជរដ្ឋាភិបាលនេះ ឧកញ៉ា ទ្រី ភាព បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះថា ក្រុមហ៊ុនលោកនឹងមិនចូលរួមការដេញថ្លៃឈើនេះឡើយ។

បើតាមឧកញ៉ា ទ្រី ភាព ការមិនចូលរួមដេញថ្លៃឈើ ព្រោះលោកមិនចង់ជាប់ពាក់ព័ន្ធ និង មិនចង់ឲ្យមានការរិះគន់រូបលោកក្នុង សំណុំរឿងឈើនេះតទៅទៀត។ ឧកញ៉ា ទ្រី ភាព ក៏បានប្រកាស​ផងដែរថា ក្រុមហ៊ុនរបស់លោកឈប់រកស៊ីជំនួញឈើទៀតហើយ ហើយការរកស៊ីនាពេលកន្លងមក មានជនខិលខូចយកឈ្មោះក្រុមហ៊ុនលោក ដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់របស់ពួកគេតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព បច្ចុប្បន្នបានបង្វែពីការរកស៊ីប្រមូលទិញឈើលក់ទៅក្រៅប្រទេស មកធ្វើជំនួញផ្សេងៗវិញ មានដូចជាការប្រមូលទិញដំឡូងមីនាំចេញទៅប្រទេសថៃ និងការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និង ម្រេច។ ក្រុមហ៊ុនរបស់ឧកញ៉ា ដែលផ្តើមជីវិតចេញពីការឡើងត្នោត បានដាំដំណាំម្រេច និងកៅស៊ូ លើផ្ទៃដីជាច្រើនពាន់ហិកតា នៅក្នុងខេត្តរតនគីរី ពោធិ៍សាត់ និង ព្រះវិហារ។

ក្រៅពីការដាំដំណាំកសិ-ឧស្សាហកម្ម ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានរកស៊ីលើវិស័យសំណង់ និង វិស័យសណ្ឋាគារនៅតាមតំបន់ព្រំដែនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនឧកញ៉ាទ្រីភាព មានសណ្ឋាគារ និងកាស៊ីណូចំនួនពីរ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងនៅព្រំដែនកម្ពុជា-ថៃ ច្រកអានសេះ ស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។ សណ្ឋាគារ និងការស៊ីណូទាំងពីរ នេះ មានតម្លៃរាប់លានដុល្លារ ហើយក៏បានចូលរួមធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់ស្ងប់ស្ងាត់ទាំងពីរ ក្លាយជាតំបន់សេដ្ឋកិច្ចរស់រវើកផងដែរ៕