(ភ្នំពេញ)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង​ខណៈ​រថយន្ដ​ដឹកដី១គ្រឿង បើកដាច់ចង្កូត​រេមកព្រលះ​ជាមួយរថយន្ដ CAMRYបាឡែន១គ្រឿងទៀត លាន់ស្នូរដូចរន្ទះ​បណ្ដាលឲ្យ រថយន្ដ​បាឡែន​រងការខូចខាតយ៉ាង​ដំណំ តែសំណាងល្អមិន​បណ្ដាលឲ្យ​មានមនុស្ស​រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលា​ម៉ោង៣៖០០រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចទល់រដ្ឋបាល​ជលផល​ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

មន្ត្រីនគរបាលមូលដ្ឋាន​បានប្រាប់ថា រថយន្តបង្ករជាប្រភេទ រថយន្ដដឹកដី ដឹកខ្សាច់ម៉ាក HiNO ក្បាលពណ៌លឿងពាក់ ស្លាកលេខកណ្ដាល 3A-0183 ដោយឡែក អ្នកបើកបរ រថយន្ដមិនត្រូវ​បានស្គាល់​ពី អត្តសញ្ញាណ្ណ​នោះទេព្រោះ ក្រោយកើតហេតុបានបើកទ្វារ​រថយន្ដរត់​គេចខ្លួនបាត់​ស្រមោលទៅហើយ​ចំណែករថយន្ដ​រងគ្រោះម៉ាក CAMRY បាឡែន ពណ៌​ឆ្លូញ ពាក់ស្លាកលេខ​ភ្នំពេញ 2T-2836 រីឯអ្នកបើកបររថយន្ដឈ្មោះគឹម លាង ភេទប្រុស អាយុ៤៥ឆ្នាំ។ មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ទៀតថា មុនកើតហេតុ គេឃើញរថយន្ដដឹកដីបើកបរដោយតៃកុងម្នាក់ តាមបណ្ដោយផ្លូវបេតុ ជាស៊ីមចំរើនរដ្ឋ ក្នុងទិសដៅពីលិចទៅកើត​សំដៅមកលើផ្លូវ​ជាតិលេខ៥ ក្នុងល្បឿនលឿនល្មម លុះមក​ដល់ ចំណុចកើតហេតុ ក៏បានដាច់​ចង្កូតរេទៅបុករថយន្ដ​បាឡែន ដែលជិះបើកពីរ​នាក់ប្ដីប្រពន្ធនៅ​ខាងស្ដាំដៃដែលធ្វើ​ដំណើរក្នុងទិស​ដៅពីត្បូងទៅជើង​បណ្ដាលឲ្យ​រថយន្ដ CAMRY បាឡែនរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្រោះថ្នាក់ ចរាចរមួយនេះមិន​បណ្ដាលឲ្យមាន​នរណាម្នាក់រង​របួស​នោះទេ ។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយកើតហេតុ  ត្រូវបានកម្លាំងនគរបាលការិយាល័យ​ចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង និងសម្រេច​យក​រថយន្ដបង្ករ និងរថយន្ដរងគ្រោះ​ទៅរក្សាទុកដើម្បីរង​ចាំការដោះស្រាយ​គ្នាតាមផ្លូវ​ច្បាប់នូវ​ពេល​ក្រោយ៕