(ភ្នំពេញ)៖ ក្រោយផ្តល់សេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល រហូតត្រូវបានប្រកាសតែងតាំងជាផ្លូវការ ឲ្យចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទរួចមក គេសង្កេតឃើញមានការងារថ្មីថ្មោងមួយចំនួន ដែលលោក វេង សាខុន បានធ្វើការកំណែ ទម្រង់ ក្នុងនោះលោកបានស្នើទៅកាន់នាយករដ្ឋមន្រ្តី ឲ្យមានការចិញ្ចឹមត្រីឆ្តោឡើងវិញដើម្បីបង្កើនកម្រិតជីវភាពប្រជាពលរដ្ឋខ្មែរ ដែលមុខរបរមួយនេះ ត្រូវបានហាមឃាត់ជាយូរណាស់មកនោះ។

ទន្ទឹមនឹងការសម្រេចបានការងារថ្មីៗ ជូនសង្គមជាតិ និងប្រជាពលរដ្ឋនោះ តែក៏មានមតិមួយចំនួន ស្នើសុំឲ្យលោករដ្ឋមន្រ្តីជួយណែនាំ និងពិនិត្យមើលលិខិតស្នាមផ្សេងៗ ដែលត្រូវបានដាក់ជូនក្រសួងដើម្បីឆ្លងផងដែរ ពីព្រោះមានលិខិតខ្លះដាក់ទៅយូរថ្ងៃ ហើយមិនទាន់ឃើញហៅម្ចាស់លិខិតនោះទៅយកវិញនៅឡើយទេ។

បុរសម្នាក់ទំនងជាតំណាង ឬប្រធានក្រុមហ៊ុនផ្នែកកសិកម្មមួយ តែមិនបង្ហាញអត្តសញ្ញាណឲ្យដឹងនោះ បានផ្ញើសារមកកាន់ការិយាល័យអង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ សុំឲ្យជួយចុះផ្សាយដល់លោករដ្ឋមន្រ្តីផងថា លិខិតស្នើសុំការអនុញ្ញាតពីក្រសួងកសិកម្ម ត្រូវបានដាក់យូរថ្ងៃហើយតែមិនឃើញវិលត្រឡប់មកវិញសោះ។

ម្ចាស់លិខិតរូបនេះបានបញ្ជាក់ថា ខ្លួនបានដាក់លិខិតស្នើសុំការឯកភាពពីរដ្ឋមន្រ្តីក្រសួងកសិកម្ម លើវិស័យកសិផលតាំងពីដើមខែមេសា ឆ្នាំ២០១៦ ដោយដាក់ទៅកាន់ទៅ អគ្គលេខាធិការដ្ឋាន ប៉ុន្តែគិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ នៅមិនទាន់ឃើញលិខិតនេះវិលវិញមកម្ចាស់នៅឡើយទេ។

បើតាមម្ចាស់លិខិតវាមិនដល់យូរថ្ងៃបែបនេះទេ ពីព្រោះក្រោយពីដាក់ជូនអគ្គលេខាធិការដ្ឋានហើយ ពេលនោះខាងអគ្គលេខាធិការត្រូវបញ្ជូន ទៅនាយកដ្ឋានជំនាញដែលពាក់ព័ន្ធនឹង សំណើរសុំរួចត្រូវបញ្ជូនមកវិញដើម្បី ដាក់ចូលទៅកាន់រដ្ឋមន្រ្តី សម្រេច និងឯកភាពចុងក្រោយ តែជាង១ខែហើយនៅមិនទាន់បានផង។ ម្ចាស់លិខិតបានលើកឡើងថា «តើឲ្យលិខិតរត់តាមម្ចាស់ ឬម្ចាស់រត់តាមលិខិត? ដូច្នេះសូមលោករដ្ឋមន្រ្តីជួយពិនិត្យមើលផង!»៕