(ភ្នំពេញ)៖ ភាគីសហព័ន្ធរុស្ស៊ី បានស្នើឱ្យភាគីកម្ពុជា បង្កើតច្បាប់ដាច់ដោយឡែកមួយ ស្ដីពី កិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគទុនរុស្ស៊ីនៅកម្ពុជា ដើម្បីលើកទឹកចិត្តអ្នកវិនិយោគទុនរុស្ស៊ី ឱ្យមកបណ្តាក់ទុន នៅប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរកាន់តែរឹងមាំថែមទៀត។

សំណើរបស់រុស្ស៊ី បានធ្វើឡើងក្នុងជំនួបរវាង លោក ឌឺមេទ្រី ស្វេតកូស្ស (Dmitry Tsetkor) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា និង លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

ក្រៅពីការលើកឡើងនូវសំណើខាងលើ លោក ឌឺមេទ្រី ស្វេតកូស្ស បានសំណូមពរ ដល់រដ្ឋសភាកម្ពុជា ជួយជម្រុញ និង បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត រវាងរដ្ឋសភានិងរដ្ឋាភិបាល នៃប្រទេសទំាងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរវាងស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ឲ្យបានច្រើនថែមទៀត។

ឆ្លើយតបនឹងសំណើខាងលើ លោក ឈាង វុន បានគំាទ្រនូវសំណើរបស់លោកឯកអគ្គរដ្ឋទូត និង បានលើកឡើងពីចំណងមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា និង រុស្ស៊ី ដែលមានតំាងពីយូរមកហើយ ពោលគឺចាប់តំាងពីឆ្នាំ១៩៥៦ មកម្ល៉េះ។ លោក ឈាង វុន ក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានជួយគំាទ្រ ដល់ប្រទេសកម្ពុជានៅក្នុងទសវត្សឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាទើបរំដោះចេញពីរបបខ្មែរក្រហម និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការស្វែងរកសុខសន្តិភាព និង ការអភិវឌ្ឍឲ្យកម្ពុជា រហូតមក។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី នៅអំឡុងសប្តាហ៍ក្រោយនេះ។ ចំណែកឯនាយករដ្ឋមន្រ្តី និងអនុប្រធានព្រឹទ្ធសភារុស្ស៊ី ធ្លាប់បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដែរ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ីប្រចំានៅកម្ពុជា លោក ឈាង វុន បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមករវាង ថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ នៃប្រទេសទំាងពីរបែបនេះ នឹងធ្វើឱ្យ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទំាងវិស័យការទូត និងពាណិជ្ជកម្ម នៃប្រទេសទំាងពីរ ប្រាកដជាមានការរីកចម្រើនកាន់តែខ្លំាងឡើង៕