(ភ្នំពេញ)៖ សាកសពដែល​ស្អុយ រលួយ សល់តែលលាដ៍​ក្បាល ត្រូវបានកម្លាំងនគរ​បាលខណ្ឌមាន​ជ័យ សហការជាមួយ​កម្លាំងនគរ​បាលស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម បើកការស្រាវជ្រាវ រហូតឈាន​ទៅដល់ការវែកមុខ ជនសង្ស័យបាន​ហើយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមរបាយ​ការណ៍របស់ នគរបាល​បានបញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ យឺន មាន អាយុ២៧ឆ្នាំ មុខរបរជាង​ពិដានផ្ទះ មានទីលំនៅ​ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

នគរបាលបានបញ្ជាក់ថា «ការសម្លាប់នេះជាករណីប្លន់ដើម្បីយកទ្រព្យសម្បត្តិ ចំណែកទ្រព្យដែល​បាត់បង់រួមមាន ម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌ ទឹកប្រាក់ សេរី២០១៦ គ្មានស្លាកលេខ ទូរស័ព្ទ១គ្រឿង ម៉ាកiPhone»។ របាយការណ៍ដ៏ដែល​បានបញ្ជាក់ថា  ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១៖០០ព្រឹក មានឈ្មោះ ពេជ្រ រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ បានមកពិនិត្យលើវត្ថុតាង​ដែលបន្សល់​ទុកនៅលើសាកសព រួចក៏អះ​អាងថា វត្ថុតាងដែល​រកឃើញនេះ គឺពិតជារបស់​ជនរងគ្រោះ​ឈ្មោះ ជឿន សារុំ (ត្រូវជាប្អូន​ជីដូនមួយ) ដែលបានបាត់​ខ្លួនចេញពីផ្ទះ​នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៧​៖០០នាទី ដោយជនរងគ្រោះ​យកម៉ូតូ១គ្រឿង​Zoomer-X ទៅឌុប​ឈ្មោះ យឺន មាន (ជាអ្នកនៅ​ស្រុកជា​មួយគ្នា) លុះមកដល់ម៉ោង​២០៖២៥នាទី កំលាំងនគរបាលខណ្ឌមានជ័យ​សហការ​ជាមួយកំលាំង​ប៉ុស្តិ៍បារាយណ៍ និងកម្លាំងអធិការ​ដ្ឋាននគរបាល​ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចុះឃាត់ជន​សង្ស័យ​ឈ្មោះ យឺន មាន កំពុងលាក់ខ្លួន​នៅផ្ទះភូមិខ្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម យកមកធ្វើការសាកសួរ ទើបជនសង្ស័យឈ្មោះ យឺន មាន បានឆ្លើយសារភាពថារូបគេ និងបក្ខពួកឈ្មោះ សឹង្ហ, ឈ្មោះ វីរៈ (កំពុងគេចខ្លួន) បានធ្វើសកម្មភាពសម្លាប់​ជនរងគ្រោះ​ឈ្មោះ ជឿន សារុំ យកទ្រព្យ​សម្បត្តិកាល​ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង​២០៖០០នាទី នៅចំណុចវាលបឹង​ចារ៉ាច ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ប្រាកដមែន។

បច្ចប្បន្នជនសង្ស័យត្រូវ​បានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លូនទៅ​តុលាចាត់ការតាម​នីតិវិធី៕