(កណ្តាល)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី រួមដំណើរជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន កុមារា សេង ភក្តី អាយុ ៧ឆ្នាំ ដែលបានទទួលរងគ្រោះថ្នាក់ដាច់ដៃឆ្វេងត្រឹមដើមដៃ រស់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

នាឱកាសនោះ លោកវេជ្ជ. បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងក្ដីអាណិតអាសូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់ ដែលបានកើតឡើងលើរូបក្មេងប្រុស ដ៏គួរឱ្យអាណិតម្នាក់នេះ ព្រមទាំងផ្តាំផ្ញើដល់ឪពុកម្តាយគ្រប់រូប គប្បីកុំធ្វេសប្រហែសទុក្ខកូនឲ្យនៅកន្លែងដែលអាចនាំឲ្យមានគ្រោះថ្នាក់ ជាយថាហេតុកើតឡើង។ ជាមួយគ្នានោះ លោកវេជ្ជ. បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់ក្រុមគ្រួសារកុមារារងគ្រោះ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសារ។

ក្នុងនាមជា ឪពុកម្តាយរបស់កុមារារងគ្រោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសណ្តោសប្រណីរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ក្រុមការងារចុះមកសួរសុខទុក និងនាំយកអំណោយយ៉ាងច្រើនមកផ្តល់ជូននាពេលនេះ ហើយសម្ភារៈ និងថវិកាទាំងនេះ ពិតជាបានជួយសម្រាលទុក្ខលំបាកយ៉ាងធំ ដល់ជីវភាពគ្រួសារដែលខ្វះខាតដូចជាគ្រួសារពួកគាត់។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៩៖២០នាទីព្រឹក នៅឡឥដ្ឋ​ផាច លាងស្រេង ស្ថិតក្នុងភូមិ-ឃុំ-ស្រុក ខេត្តខាងលើ មានករណីគ្រោះថ្នាក់មួយកើតឡើងទៅលើកុមារាម្នាក់ ឈ្មោះ សេង ភក្តី អាយុ៧ឆ្នាំ ដែលបានចូលដៃទៅក្នុងខ្សែពានទាញឡឥដ្ឋបណ្តាលឱ្យ ដាច់ដៃឆ្វេងត្រឹមគល់ដៃ ហើយត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យគន្ធបុប្ផា។ ឪពុកម្តាយ របស់កុមាររងគ្រោះ ជាកម្មករឡឥដ្ឋទាំងពីរនាក់ដែលគ្រួសារ របស់គាត់ស្នាក់នៅឡឥដ្ឋដែលគាត់ធ្វើការរាល់ថ្ងៃ។ បច្ចុប្បន្នកុមារារងគ្រោះបានចេញពីមន្ទីរពេទ្យវិញ ហើយបានមករស់នៅជាមួយ ឪពុកម្តាយនៅក្នុងសិប្បកម្មឡឥដ្ឋនោះដដែល៕