(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការចាកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ចាប់ពីកុមារដល់មនុស្សចាស់ នៅទូទាំងខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាលស្រុក ក្រុងទាំង៧ ប្រធានប្រតិបត្តិស្រុក ក្រុងទាំង៧ នៃមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះភាពជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ របស់សម្តេច ដោយជឿជាក់យ៉ាងមុតមាំ លើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ថាយើងពិតជាប្រយុទ្ធឈ្នះជំងឺកូវីដ១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំ ជាក់ជាមិនខាន។

លោកបណ្ឌិត បានក៏អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការសម្រសម្រួល ដល់យុទ្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិនថាថ្ងៃឈប់សម្រាក់។

លោកអភិបាលខេត្ត បានអំពាវនាវដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៅភូមិសាស្រ្តខេត្តត្បូងឃ្មុំបន្តទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមគ្រូពេទ្យស្រុកប្រតិបត្តិ និងក្រុមគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី ចាក់ ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់ដូសជំរុញ ឬដូលទី១ សូមអញ្ជើញពួកគាត់មកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាផងដែរ។

បើតាមការបញ្ជាក់ពីលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១មានចំនួនសរុប ៦២២,៧៩៤នាក់ ចាក់លើកទី២ មានចំនួនសរុប ៥៧៦,៩២៦នាក់ ចាក់លើកទី៣ មានចំនួនសរុប ២៧៧,៤០៤នាក់ ចាក់លើកទី៤ មានចំនួនសរុប១៣,៤៩៧នាក់។ ក្នុងនោះ កុមារអាយុ០៣ ដល់ក្រោម០៥ឆ្នាំ ចាក់លើកទី១ សរុបចំនួន ១១,៤៩៤នាក់ ផងដែរ៕