(ភ្នំពេញ)៖ អំណោយសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ជាច្រើនមុខ ត្រូវបានអង្គការទស្សនៈពិភពលោក World Vision យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់ និងទទួលសំភារៈខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ និងលោក កែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សេង វណ្ណៈ ក្នុងឱកាសនោះ បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការទស្សនៈពិភពលោក World Vision ដែលបានឧបត្ថម្ភរួមមាន៖

*អាល់កុលអនាម័យចំនួន៥០០លីត្រ
*ម៉ាស់បីស្រទាប់ចំនួន ២៥,០០០ម៉ស់ (៥០០ប្រអប់)
*បំពង់ដបសម្រាប់ដាក់អាល់កុលចំនួន១០០ដប
*ឧបករណ៍ Rapid Test kitsចំនួន២៥០ដើម។

ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩។ លោកនាយកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស។

លោកថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ បានស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន នឹងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕