(ភ្នំពេញ)៖ ក្រសួងសុខភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទ ឈ្មោះ PHILTER (BLACK ROSE) ព្រោះគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីជូនព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vail Shop កំពុងផ្សព្វផ្សាយលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ដែលអាចបង្កជាបទល្មើសធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាល បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការស្រាវជ្រាវរកម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ»

ក្រសួងសុខាភិបាល ក៏បានសំណូមពរប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនេះជាបន្ទាន់ ព្រោះផលិតផលខាងលើនេះមិនបានបញ្ជាក់ថាផ្សំពីសារធាតុគីមីអ្វីឡើយ ដូច្នេះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង៕