(ភ្នំពេញ)៖ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «ឃែនធើរេន អឹភែរឹល ខេមបូឌា» បានដឹកម៉ាស៉ីនភ្លើង និងសម្ភារផ្សេងៗ ចេញពីក្នុងរោងចក្រ ដែលជាហេតុធ្វើឲ្យកម្មករព្រួយបារម្ភពីការបិទរោងចក្រ ព្រមទាំងលួចរត់ចោលពួកគេ ក្នុងពេលឆាប់ៗនេះ។

នៅវេលាម៉ោង ៧៖៤៥នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមកម្មករ កម្មការិនីជាង២០០នាក់ ក្នុងចំណោមជាង៣០០នាក់ ក៏បានចេញទៅធ្វើបាតុកម្មបិទផ្លូវ ដើម្បីស្វែងរកដំណោះស្រាយ ដែលជាហេតុបង្កឲ្យមានការកក ស្ទះចរាចរណ៍នៅតោមផ្លូវចោមចៅ ត្រង់ចំណុចមុខរោងចក្រខាងលើ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេលជិត១ម៉ោង ទម្រាំតែអាជ្ញាធរសម្របសម្រួលត្រូវ។

កម្មករបាននិយាយថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចាប់តាំងពីមុនថ្ងៃចូលឆ្នាំខ្មែរមកម្ល៉េះ ថៅកែរោងចក្រនេះបានបង្ហាញសញ្ញាបិទរោងចក្រ និងរត់ចោលកម្មករ ព្រោះគាត់តែងតែបានលួចដឹកជញ្ជូនសម្ភារចេញពីក្នុងរោងចក្រ ជាបន្តបន្ទាប់ ដោយពុំបានជូនដំណឹងដល់កម្មករនិយោជិកបានដឹងឡើយ។ ដោយសារតែខ្លាចថៅកែរត់ចោល និងពុំបានទូទាត់នូវអត្ថប្រយោជន៍ឲ្យនោះ ទើបកម្មករទាំងអស់ធ្វើការរារាំង ហើយទាមទារឲ្យមានការធ្វើកិច្ចសន្យា ជាមួយគ្នាឲ្យបានត្រឹមត្រូវ ដើម្បីជាការទុកចិត្តគ្នាហើយកម្មករបានទទួលនូវភាពកក់ក្ដៅផងដែរ។

កម្មករបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ កិច្ចសន្យាមួយបានបង្កើតឡើងមានចំនួន៨ចំណុច រវាងតំណាងកម្មករ និយោជិក រួមជាមួយក្រុមហ៊ុន «ឃែនធើរេន អឹភែរឹល ខេមបូឌា» ដែលមានមេធាវីម្នាក់ ជាតំណាង។ បន្ទាប់មកកម្មករ បាននាំគ្នាធ្វើការងារជាធម្មតា រហូតដល់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយរោងចក្របានអនុញ្ញាតឲ្យឈប់៣ថ្ងៃ រហូតដល់ថ្ងៃទី១៨ ខែមេសា ទើបត្រឡប់ចូលធ្វើការវិញ។

ពេលនោះហើយដែលកម្មករមានការភ្ញាក់ផ្អើល បន្ទាប់ពីបានដឹងថាថៅកែនៅតែបន្តលួចដឹកម៉ាស៉ីន ភ្លើងនិងសម្ភារចេញពីរោងចក្រ បំពានកិច្ចសន្យា។

កម្មករទាំងនោះបានប្រាប់បន្តទៀតថា ពេលនោះពួកគេអត់ធ្វើការងារនោះទេ ហើយបាននាំគ្នាទាមទារឲ្យថៅកែដោះស្រាយជូនពួកគេ ប៉ុន្តែអត់បានបិទផ្លូវទេ។ រីឯថៅកែអត់ព្រមដោះស្រាយឡើយ មិនតែប៉ុណ្ណោះមេធាវីតំណាង រោងចក្រនេះ បានបង្ខំឲ្យកម្មករចូលធ្វើការទាំងពុំមានដំណោះស្រាយថែមទៀត។ លុះដល់វេលាព្រឹកថ្ងៃទី១៩ ខែមេសា ដោយនៅតែពុំមានដំណោះស្រាយទៀតនោះ ទើបកម្មករនាំគ្នាចេញពីរោងចក្រទៅឈរបិទផ្លូវចោមចៅ មុខរោងចក្រ ដើម្បីស្វែងរកដំណោះស្រាយបែបនេះតែម្ដង។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបាននិយាយថា ដោយសារតែកម្មករ កម្មការិនីធ្វើបាតុកម្មបិទផ្លូវបានបង្កឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវខាងលើ ជាងកន្លះម៉ោង ពេលនោះកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា បានចុះទៅធ្វើការសម្របសម្រួលជាមួយកម្មករ។ ក្រោយមកកម្មករយល់ព្រមបើកផ្លូវឡើងវិញ និងឯកភាពគ្នាជួបដោះស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២០ ខែមេសាស្អែកនេះ៕