(សៀមរាប)៖ បុរសម្នាក់ ជាមន្ត្រីសាលាស្រុកពួកម្នាក់ ជាម្ចាស់អាងក្រពើ ដើរទៅបត់ជើងតូច រអិលជើង ធ្លាក់ចូលអាងក្រពើ ត្រូវក្រពើខាំ បោករងរបួសជាច្រើនកន្លែង ត្រូវគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១យប់អាធ្រាត្រថ្ងៃទី១៨ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

យោងតាមលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ មានមុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក ត្រូវបានសត្វក្រពើខាំ រងរបួសជាច្រើនកន្លែង បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ដោយសភាពធ្ងន់ពេក ក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលដំណឹងកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ សួរនាំក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ថា ជាប្រចាំជនរងគ្រោះ ជាប្តីឈ្មោះ ស៊ូ សុធា ជាអ្នកមើលថែទាំ ការចិញ្ចឹមសត្វក្រពើ និងដេកចងអង្រឹងនៅលើរោងទ្រុង ក្រពើតែម្នាក់ឯង។ លុះនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំគ្នាផឹកស្រាបៀរចំនួន១កេះ ហើយបែកគ្នាទៅដេករៀងៗខ្លួន ។ ជនរងគ្រោះ បានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ០១យប់ ក៏បានលឺសំឡេងជនរងគ្រោះស្រែកឲ្យជួយ ហើយលឺដល់អ្នកផ្ទះជិតខាងក៏បាននាំគ្នាក្រោកទៅមើល នៅចំណុចរោងដេកលើទ្រុងក្រពើ បានឃើញជនរង គ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយនាំគ្នាយកឈើជួយវាយសង្គ្រោះ ដើម្បីយកជនរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នា ដោយឡែកទ្រុងជនរង គ្រោះធ្លាក់ចូល គឺ ទ្រុងទំហំ១០ម៉ែត្រ×១២ ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល ដែលមានទំហំធំៗ៕