(កំពង់ចាម)៖ លោក លី សុវណ្ណ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលក្រុងកំពង់ចាម ជំនួសលោក ចាន់ ផល្លី ដែលត្រូវទទួលភារកិច្ចថ្មី។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ដោយឡែកលោក សេង រដ្ឋា និងលោក ស្លេះ អ៉ីសា ក៏ត្រូវបានប្រកាសជាអភិបាលរងក្រុងកំពង់ចាម និងលោកស្រី ឈាន់ សុធី ត្រូវបានតែងតាំងជានាយករដ្ឋបាលក្រុងកំពង់ចាមផងដែរ។

ក្រោយពីការប្ដេជ្ញាចិត្តរបស់លោក លី សុវណ្ណ អភិបាលថ្មីក្រុងកំពង់ចាម, លោក អ៊ុន ចាន់ដា បានណែនាំដល់មន្រ្តីខាងលើរួមមាន៖

*ទី១៖ ត្រូវពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការរក្សានូវ សុខសន្តិភាពជូនប្រជាពលរដ្ឋ
*ទី២៖ ត្រូវខិតខំបន្តពង្រឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ទាំងសេវាសាធារណៈ និងសេវាបម្រើ
*ទី៣៖ ត្រូវរៀបចំការអភិវឌ្ឍក្រុង ដើម្បីចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីរក្សាឲ្យបាននូវជ័យលាភីរំដួល៣ទង ដែលខេត្តកំពង់ចាមធ្លាប់ទទួលបាន
*ទី៤៖ ត្រូវខិតខំបំពេញភារកិច្ច ក្នុងកិច្ចការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ
*ទី៥៖ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដែលជាកត្តាសំខាន់ ដើម្បីសម្រេចបានជោគជ័យលើភារកិច្ច នៃអង្គភាពរបស់ខ្លួន៕