(ភ្នំពេញ)៖ សកម្មជនបឹងកក់២នាក់ ដែលគេស្គាល់ថាមានឈ្មោះ ទេព វណ្ណនី និងយាយមាំម៉ី ត្រូវបានគេប្រទះឃើញចូលទៅក្នុងធនាគារមួយ នៅកណ្តាលក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ពោលគឺកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមសកម្មជនបឹងកក់បានដើរយុទ្ធនាគារ ស្លៀកពាក់ពណ៌ខ្មៅ។

ក្រៅពីការប្រទះឃើញសកម្មជនទាំងពីរនៅខាងក្រៅ, ចំណែកនៅលើបណ្តាញសង្គម Facebook ដែលកំពុងចែកចាយពីមួយទៅមួយ បានសរសេរថា៖ «ក្រោយពីបញ្ចប់បេសកកម្ម Black Monday ពួកគាត់សប្បាយចិត្តយ៉ាងខ្លាំង នាំគ្នាទៅដកសាច់ប្រាក់សុទ្ធនៅធនាគារមួយកណ្តាលទីក្រុងភ្នំពេញ វាជាការបង្ហាញថា ក្រុមស៊ីឈ្នួលសម្តែងក្នុងមួយលើកៗ បានប្រាក់កម្រៃមិនចេះតិច ជាថ្នូរទៅនឹងការបំផុសបំផុលគ្រប់សាច់រឿងរបស់សកម្មជនបឹងកក់ គឺមិនមែនធ្វើដើម្បីយុត្តិធម៌សង្គមទេ គឺជាចរិកនយោបាយ និងផលប្រយោជន៍បុគ្គលសុទ្ធសាធ។ សូមមើលទឹកមុខ និងបរិយាកាស តើវាដូចអ្វីដែលពួក២នាក់នេះធ្លាប់ស្រែកថា «ពួកខ្ញុំក្រណាស់ វេទនាណាស់ រដ្ឋាភិបាលផ្តាច់ការជិះជាន់កៀបសង្កត់ ។ លើការជាក់ស្តែងគឺស៊ីឈ្នួលធ្វើបាតុកម្មហើយ បើកលុយរបស់បរទេសអោយតាមធនាគារឯកជនធ្វើព្រងើយ»!

សូមជំរាបថា ពាក់ព័ន្ធនឹងបញ្ហានេះ មិនមានព័ត៌មានបញ្ជាក់ថា ពួកគាត់បានចូលទៅធនាគារក្នុងគោលបំណងអ្វីនោះទេ ខាងលើនេះគ្រាន់តែជាការលើកឡើងនៅលើបណ្តាញសង្គម Facebook តែប៉ុណ្ណោះ៕