(ក្រចេះ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន៣៧,៩៦២នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ចំនួន ២៧៨នាក់ បានចូលមកកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តក្រចេះ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ។

លោក ចាន់ សុគុន្ធី ប្រធានមន្ទីរទេសចរណ៍ ខេត្តក្រចេះ បានឱ្យដឹងថា ក្នុងព្រិត្តការណ៍ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ នៅតាមរមណីយដ្ឋានដំបន់កម្សាន្ត តំបន់ទេសចរណ៍នានា ក្នុងខេត្តក្រចេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្ត ចំនួន ៣៧,៩៦២នាក់ នៅលើទឹកដីខេត្តក្រចេះ។

សូមបញ្ជាក់ថា ក្នុងចំណោមរមណីយដ្ឋាន នានាក្នុងខេត្តក្រចេះ រមណីយដ្ឋានកាំពី មានភ្ញៀវទេសចរមកកម្សានច្រើនជាងគេ។

រមណីយដ្ឋានកាំពី មានសង់រោងអង្គុយលើទឹកទន្លេមេគង្គ សម្រាប់ឱ្យភ្ញៀវអង្គុយលេង និងហូបអាហារ និងមានទឹកហូរយ៉ាងស្រស់ស្អាត ភ្ញៀវទេសចរអាចចុះមុជទឹក និងហែលទឹកលេងតាមចិត្ត ហើយមានទាំងលក់ម្ហូបអាហារបែបធម្មជាតិ មានរស់ជាតិឆ្ញាញ់ពិសារ មានអនាម័យល្អ និងតម្លៃសមរម្យទៀតផង៕