(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ តាមដងវិថីនានាចូលមកកាន់រាជធានីភ្នំពេញ បានកកកុញដោយចំនួនយានយន្តដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរប្រុស-ស្រី ក្មេង-ចាស់ ត្រឡប់ចូលរាជធានីភ្នំពេញវិញ បន្ទាប់ពីបានឈប់សម្រាកជួបជុំសាច់ញាតិ ឬធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីថ្ងៃទី១៤-១៦ ខែមេសា កន្លងទៅនេះ។ និយាយដល់ថ្ងៃ១៧ ខែមេសា ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកមានអាយុចាប់ពី ៥០ប្លាយឡើងទៅប្រាកដជាចងចាំយ៉ាងច្បាស់នូវថ្ងៃ១៧ ខែមេសា កាលពី ៤៧ឆ្នាំមុន ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានធ្វើឱ្យប្រជាពលរដ្ឋខ្មែររងការឈឺចាប់ និរាសព្រាត់ប្រាស់ និងស្លាប់បាត់បង់ជីវិតយ៉ាងខ្លោចផ្សារជាទីបំផុត។

១៧ មេសា កាលពី៤៧ឆ្នាំមុន រាជធានីភ្នំពេញ ដែលជាកន្លែងភាសខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះតែសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ពលោក លន់ នល់ ត្រូវបានចូលកាន់កាប់ដោយកងទ័ពខ្មែរក្រហមហ៊ុមព័ទ្ធដោយផ្សែងគ្រាប់ផ្លោង និងស្នូរគ្រាប់ភ្លើង។ ប្រជាពលរដ្ឋ ដែលពេលព្រឹកព្រលឹមបង្ហាញស្នាមញញឹម និងសាទរចំពោះការវាយចូលរបស់កងទ័ពខ្មែរក្រហម ព្រោះរំពឹងថាសង្គ្រាមរ៉ាំរ៉ៃប្រមាណ ៥ឆ្នាំកន្លងទៅត្រូវបានបញ្ចប់។ តែអ្វីៗមិនដូចការរំពឹងទុកនោះឡើយ នៅពេលរសៀល ក៏ត្រូវប្រែជាស្រពាប់ស្រពោនបង្កប់ដោយក្តីទុក្ខព្រួយទៅវិញ បន្ទាប់ពីកងទ័ពខ្មែរក្រហមប្រកាសឱ្យពួកគេចាកចេញពីរាជធានីភ្នំពេញ ដោយមិនមានភ្ជាប់ទៅជាមួយនូវទ្រព្យសម្បត្តិ និងស្បៀងអាហារអ្វីទាំងអស់។ ចាប់ពីរសៀលថ្ងៃទី១៧ ខែមេសា ១៩៧៥ រាជធានីភ្នំពេញ ក៏ចាប់ផ្តើមប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ មិនមែនជាទីក្រុងភ្លើងពណ៌ ប្រកបដោយភាពសប្បាយក្អាកក្អាយទៀតនោះឡើយ។

តាមដងផ្លូវជាតិនានាត្រូវបានកកកុញដោយមនុស្សម្នាជាមួយទឹកមុខដ៏ក្រៀមក្រោះជាទីបំផុត ដ្បិតពួកគេត្រូវបានក្រុមទាហានខ្មែរក្រហមចាប់បង្ខំឱ្យចាកចេញពីផ្ទះសម្បែង ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជួបគ្រោះអត់ឃ្លាន គ្មានទីជម្រកជាដើម។ និយាយជារួម ១៧ មេសា កាលពី៤៧ឆ្នាំមុន គឺជាវេលាដ៏វេទនាបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ផ្ទុយទៅវិញ ១៧ មេសា ២០២២ តាមផ្លូវជាតិធំៗចូលក្នុងរាជធានីភ្នំពេញ ត្រូវបានកកកុញដោយយានយន្ត ប្រជាពលរដ្ឋខ្មែរកំពុងសម្រុកចូលរាជធានីភ្នំពេញវិញ ដើម្បីបន្តប្រក្រតីភាពនៃការប្រកបការងារ ធ្វើអាជីវកម្មចិញ្ចឹមជីវិត សិក្សារៀនសូត្រជាដើម បន្ទាប់ពីជួបជុំញាតិមិត្ត និងដើរកម្សាន្តយ៉ាងរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល ៣ថ្ងៃកន្លងទៅ។

រយៈពេល៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានសង្កេតឃើញថា ក្រោមម្លប់សុខសន្តិភាព ក្រោមការអភិវឌ្ឍតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធផ្លូវ និងស្ពានយ៉ាងខ្វាត់ខ្វែង ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានជួបជុំញាតិមិត្ត និងបានទៅលេងទីជិតឆ្ងាយជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។

តាមរយៈទិដ្ឋភាពក្នុងថ្ងៃទី១៧ ខែមេសា ៤៧ឆ្នាំមុន និង ១៧ មេសា ឆ្នាំ២០២២ បានឆ្លុះបង្ហាញឱ្យឃើញពីភាពខុសគ្នានៃសង្គមកម្ពុជា និងជាកញ្ចក់បង្ហាញឱ្យឃើញពីនយោបាយដឹកនាំរបស់អ្នកនយោបាយខ្មែរជំនាន់មុន និងអ្នកនយោបាយខ្មែរពេលបច្ចុប្បន្ន។

មហន្តរាយជាតិ ក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរ កាលពី៤៧ឆ្នាំមុន ដោយសារតែនយោបាយដ៏ខុសឆ្គងរបស់ក្រុមមេដឹកនាំខ្មែរក្រហម បានធ្វើឱ្យសង្គមកម្ពុជាត្រូវខ្ទេចខ្ទាំ និងស្ទើរតែរលាយសូន្យសុង។ តែ៤៧ឆ្នាំក្រោយ ក្រោមគោលនយោបាយ និងមាគ៌ានៃការដឹកនាំដ៏ត្រឹមត្រូវ និងភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននឹងកំពុងធ្វើឱ្យសង្គមមានការរីកចម្រើន ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងពោរពេញដោយភាពសប្បាយរីករាយផងដែរ បើទោះបីក្នុងបរិបទពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

នេះជាការស្តែងឱ្យឃើញច្បាស់ និងឥតមានមន្ទិលសង្ស័យនោះឡើយ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំមួយប្រកបដោយភក្តីភាពចំពោះជាតិ និងប្រជាជន ជាការដឹកនាំតម្កល់នូវប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ភក្តីភាព និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បងនេះហើយ ដែលជាបុព្វហេតុធ្វើឱ្យសង្គមមួយនេះ ទទួលបាននូវការចម្រើនលូតលាស់ ប្រជាពលរដ្ឋត្រូវរស់នៅដោយភាពសុខដុម និងសប្បាយរីករាយ។ សូមបន្តគាំទ្រការដឹកនាំដ៏ត្រឹមត្រូវមួយនេះ ដើម្បីរក្សាបាននូវសុខសន្តិភាព បន្តរក្សាបាននូវការចម្រើនលូតលាស់ បន្តរក្សានូវស្នាមញញឹម និងភាពរីករាយរបស់ប្រជាជាតិខ្មែរទាំងមូល៕