(កណ្ដាល)៖ ព្រឹត្តិការណ៍សង្ក្រាន្តស្រុកស្អាង ដែលបានចាប់ផ្ដើមឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅចំនួន៣ថ្ងៃ នៅឯវត្តស្អាងភ្នំ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានគេសង្កេតឃើញមានការទាក់ទាញភ្ញៀវមកលេងកម្សាន្តប្រមាណ ៦ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់លោក ឃុត ផល្លា នាយករដ្ឋបាលស្រុកស្អាង ប្រាប់មកភ្នាក់ងារព័ត៌មាន Fresh News ខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ។

លោកបានបន្តថា ការដែលអាចទាក់ទាញភ្ញៀវមកលេងកម្សាន្តបានយ៉ាងច្រើនដូច្នេះ ក៏អាស្រ័យដោយមានការរៀបចំល្បែងប្រជាប្រិយច្រើនបែបច្រើនយ៉ាង ការប្រគុំតន្ត្រីជាដើម ហើយពិសេសបានការយកចិត្តទុកដាក់ខ្ពស់របស់លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង។

លោកបានបញ្ជាក់ទៀតថា អំឡុងពេលកម្សាន្ត៣ថ្ងៃនេះ មានយុវជន យុវតីរាប់ម៉ឺននាក់ បានសម្រុកមកលេងកម្សាន្តល្បែងប្រជាប្រិយ ល្ងាចឡើងមានការរាំរែកបាញ់ទឹក មានការប៉ាតម្សៅគ្នា ជាមួយនឹងស្នាមញញឹម សើចសប្បាយ ក្នុងម្លប់សន្តិភាព ជាពិសេសគ្មានបទល្មើសណាមួយកើតឡើងនោះទេ។

ជាមួយគ្នានេះដែរ ក្នុងឱកាសដែលលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានដឹកនាំកម្លាំងចិះលេងកម្សាន្តជាមួយនឹងពលរដ្ឋទាំង៣ថ្ងៃ លោកថ្លែង «អរគុណសន្តិភាព» បានគុណសន្តិភាពនេះហើយ ទើបពួកយើងមានភាពសប្បាយរីករាយ។ អរគុណសម្ដេចតេជោដែលបានស្រោចវ៉ាក់សាំងដល់ពលរដ្ឋគ្រប់រូប កុំតែបានវ៉ាក់សាំងទេ ទើបពួកយើងមានភាពស៊ាំនឹងជំងឺកូវីដ១៩ ដែលអនុញ្ញាតឱ្យពួកយើងអាចលេងកម្សាន្តបានយ៉ាងសប្បាយដូច្នេះ៕