(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ បានជួបសំណេះសំណាល ដល់បងប្អូន កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុតនៅក្នុងការរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២នេះ នៅសាលាខេត្តព្រៃវែង។

នៅក្នុងឱកាសនោះលោក ជា សុមេធី សូមថ្លែងអំណរអរគុណដល់ បងប្អូនកងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់បំផុតធ្វើយ៉ាងណាដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់អនាម័យនៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែងនៅក្នុងឆ្នាំ២០២២នេះ បានយ៉ាងសប្បាយរីករាយជាទីបំផុត។

លោកក៏បានបន្តថា ដោយសារតែមានការជួយសហការគ្នា សាមគ្គីគ្នានេះ ទើបធ្វើឲ្យព្រឹត្តិការណ៍មួយនេះបានដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងនោះទេ ហើយលោកក៏បានលើកឡើងផងដែរថា ឆ្នាំនេះមានប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ដែលរៀបចំដោយរដ្ឋបាលខេត្តនេះ កើនឡើងជាងឆ្នាំកន្លងទៅដែលយើងបានផ្អាកការរៀបចំព្រឹត្តិការណ៍ទាំងអស់រយៈពេល ២ឆ្នាំមកហើយនោះ ដោយសារតែវិបត្តិនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។

លោកបានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ដែលរដ្ឋបាលរៀបចំនៅពេលនេះ គឺដោយសារតែ មើលឃើញអំពីស្ថានភាពនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ មានការថយចុះហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែង ក៏ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាតាំងពីដូសទី១ រហូតដល់ដូសទី៣ និងដូសទី៤ ជាដើម៕