(ភ្នំពេញ)៖ ម៉ោងប្រមាណ១០ព្រឹក នាថ្ងៃទី១៧ ខែមេសា កាលពី៤៧ឆ្នាំមុន ទីក្រុងភ្នំពេញគ្រប់គ្រងដោយរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានធ្លាក់ក្នុងដៃរបស់ក្រុមខ្មែរក្រហម ប៉ុលពត។ ប្រជាពលរដ្ឋចេញមកអបអរសាទរ និងស្រែកជ័យឃោសថា កម្ពុជាត្រូវបានរំដោះហើយ ប៉ុន្តែមិនបានប៉ុន្មានផង ក្តីសប្បាយរីករាយនេះបានក្លាយទៅជាទុក្ខដ៏ធំដែលកងទ័ពអាវខ្មៅរបស់ខ្មែរក្រហមបានចាប់ផ្តើមបណ្តេញពលរដ្ឋជាង២លាននាក់ចេញពីលំនៅដ្ឋានខ្លួន ហើយត្រូវបានជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញ ទៅកាន់ភូមិភាគនានានៃប្រទេសកម្ពុជាដោយមិនយោគយល់ឡើយ សូម្បីកុមារចាស់ជរា និងអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ។

១៧ មេសា ១៩៧៥ ជាកាលបរិច្ឆេទ នៃការចាប់ផ្តើមនៃវិនាសកម្មនិងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅកម្ពុជា ក្រោយពីឆ្លងកាត់សង្គ្រាមរយៈពេល ៥ ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០។ ព្រឹត្តិការណ៍នេះនៅតែត្រូវបានចងចាំក្នុងចំណោមពលរដ្ឋកម្ពុជា ជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយ ហើយក៏ជាកាលបរិច្ឆេទដ៏សោកសៅក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិដែលពលរដ្ឋជាង ៣ លាននាក់បានស្លាប់បាត់បង់ជីវិត និងបន្សល់ទុកនូវសោកនាដកម្មដ៏មហាធំធេងសម្រាប់ជាតិសាសន៍មួយ។ ៤៧ ឆ្នាំក្រោយពេលខ្មែរក្រហមឡើងកាន់អំណាច តើស្ថានភាពបានវិវឌ្ឍអ្វីខ្លះ?

១៖ ការសង្គ្រោះជាតិ និងប្រជាជនកម្ពុជាពីរបបខ្មែរក្រហម និងការស្តារ កសាងជាតិឡើងវិញ៖

ក្រោមការដឹកនាំរបស់ខ្មែរក្រហមរយៈពេល ៣ ឆ្នាំ ៨ ខែនិង ២០ថ្ងៃ កម្ពុជាបានធ្លាក់ក្នុងនរកអវជ័យ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លិចបំផ្លាញ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិត្រូវបានលុបបំបាត់ទាំងស្រុង។ ក្រៅពីការជម្លៀសប្រជាជនចេញពីទីក្រុង ក្រុមខ្មែរក្រហម ប៉ុល ពត បានបំបាត់ចោលទីក្រុងទីប្រជុំជន បំបាត់ចោលប្រាក់កាស ទីផ្សារ បង្ខំប្រជាជនឱ្យ «ហូបរួម នៅរួម» និងធ្វើពលកម្ម និងទារុណកម្មធ្ងន់ធ្ងរដូចទាសករ។ ខ្មែរក្រហមបានលុបបំបាត់វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យជាដើម។ ប្រជាពលរដ្ឋជាង ៣លាននាក់ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតដោយការធ្វើទារុណកម្ម ការអត់អាហារ ការសម្លាប់ ការបោសសម្អាតផ្ទៃក្នុង និងអំពើអមនុស្សធម៌ផ្សេងទៀត។ នៅចំពោះមុខនៃមហាសោកនាដកម្មនេះ កម្លាំងនៃអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជាដែលនៅសេសសល់ពីការកាប់សម្លាប់ បានងើបឡើងតស៊ូសង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហមដ៏យង់ឃ្នងនេះ។

កាលបរិច្ឆេទសំខាន់ៗមុននឹងឈានដល់ការរំដោះប្រទេសនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋខ្មែរចងចាំជាប្រវត្តិសាស្ត្ររួមមាន៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតបានចូលព្រៃម៉ាក់គឺតស៊ូតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ក្រោយសេនាប្រមុខ លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈធ្វើរដ្ឋប្រហារ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀត ណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ។ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពរៀបរយដំបូងត្រូវបានបង្កើតឡើង។ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និងប្រជាជនទូទាំង ភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបបប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូដែលមានរួចមកហើយ នៅខេត្តកោះកុង និងនៅឦសានទិស។ ផ្តើមចេញពីចលនាទាំងនេះបានផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់ របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍។

រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំង ប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះស ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បាន វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលនៅរង់ ចាំតែសេចក្តីស្លាប់បានទាន់ពេលវេលា, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ដែលបានកសាងឡើងក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ, បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំង ស្រុងក្នុងរបបប៉ុល ពត ក្លាយជាអ្នកធ្វើ ម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។ ហើយបានរួម វិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

២៖ ដំណោះស្រាយសន្តិភាពដែលមិនត្រូវបានបញ្ចប់ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖

ទោះបីជាខ្មែរក្រហមត្រូវបានផ្តួលរំលំ ប៉ុន្តែពួកគេនៅតែបន្តបំផ្លាញជាតិនិងប្រជាជនកម្ពុជា។ ក្នុងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមជាតិ និងនាំយកសុខសន្តិភាពជូនជាតិ តួអង្គសំខាន់ ២ ដែលពលរដ្ឋចងចាំ គឺសម្តេចឪ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ដែលផ្តើមពីជំនួបលើកទី១ សីហនុ-ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅអង់តាហ្វែរ ឌឺន័រ ប្រទេសបារាំង និងជំនួបបន្តបន្ទាប់ទៀត រហូតដល់ឈានដល់ការសម្រេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយភាគីខ្មែរក្នុងជម្លោះទាំង ៤ ភាគីដោយមានសក្សីពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាហត្ថលេខី បានចុះកិច្ចព្រមព្រៀងសន្តិភាព ក្នុងនោះក៏មានភាគីខ្មែរក្រហមផងដែរ។ ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពនេះមិនបានបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជាឡើយ។
ភាគីខ្មែរក្រហមបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពនិងបន្តការតស៊ូផ្លូវយោធាដើម្បីប៉ុនប៉ងវិលត្រឡប់មកដឹកនាំប្រទេសកម្ពុជាវិញដូចដែលពួកគេបានធ្វើកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥។ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលលើកទី១ នៅខែឧសភា ឆ្នាំ១៩៩៣ ក្រោមការរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) តែនៅតែបន្សល់ ទុកនូវប្រទេសមួយមានរដ្ឋាភិបាល ២ គឺរដ្ឋាភិបាលថ្មីកើតដោយការបោះឆ្នោត និងរដ្ឋាភិបាលរបស់ខ្មែរក្រហម និងកម្ពុជាបន្តបែងចែកទឹកដីជា ២ ផ្នែកដែលមួយផ្នែកគ្រប់គ្រងដោយរដ្ឋាភិបាលថ្មី និងមួយផ្នែកទៀត គ្រប់គ្រងដោយក្រុមឧទ្ទាមខ្មែរក្រហមខុសច្បាប់។ អ៊ុនតាក់បានចំណាយថវិកាជាង ២ ពាន់លានដុល្លារ និងកម្លាំងទ័ព និងមន្ត្រីស៊ីវិលរាប់ម៉ឺននាក់ តែមិនអាចធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ។

នៅក្នុងដំណាក់កាលនេះ អ្វីដែលថ្នាក់ដឹកនាំគណបក្សប្រជាជនខិតខំប្រឹងប្រែងស្វះស្វែងរកសន្តិភាពជូនជាតិ និងប្រជាជន ដោយ ដៃម្ខាងកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញដោយសង្គ្រាម និងក្រុមខ្មែរក្រហមនិងដៃម្ខាងទៀត ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នេះគឺជាកាតព្វកិច្ចដ៏សំខាន់ និងជាបេសកកម្មដ៏មានតម្លៃបំផុតរបស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាកាលពីអតីតកាល ដែលមិនមែនជារឿងសាមញ្ញនោះឡើយ។

៣-ការរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរ ក្រហមដោយនយោបាយឈ្នះ-ឈ្នះ៖

ដោយឈ្វេងយល់ថា«សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុងបានឡើយ គឺមានតែការចរចាប៉ុណ្ណោះដែលអាចបញ្ចប់សង្គ្រាម បង្កើតសន្តិភាពបាន» និងចេញពីទស្សនៈ «ពន្លត់ភ្លើង តែមិនអង្គុយបក់ផ្សែង» សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនយោបាយឈ្នះ-ឈ្នះដើម្បីរំលាយអង្គកាចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលបានចាក់ឫស ក្នុងសង្គមកម្ពុជាជាងកន្លះសតវត្សរ៍មកហើយ។ ក្រោយពីការរំដោះជាតិនិងប្រជាជនពីក្រញ៊ាំដៃនៃក្រុមខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំដឹកនាំប្រទេសដើម្បីឈានទៅបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះយុទ្ធសាស្ត្រឌីហ្វីដប្រឆាំងនឹងយុទ្ធសាស្ត្រច្រែះស៊ីដែករបស់ខ្មែរក្រហម ប៉ុលពត ហើយចុងក្រោយបានដាក់ចុះនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។

គោលការណ៍គ្រឹះនៃនយោបាយឈ្នះ-ឈ្នះ មាន ៣ សំខាន់៖ ១- ធានាអាយុជីវិតប្រជាជនមិនឱ្យមានការធ្វើទុក្ខទោសអ្វីឡើយ ២-ធានារក្សាការងារតួនាទីមុខតំណែង ដែលពួកគេមានពីមុន ៣- ធានាការការពារទ្រព្យសម្បត្តិរបស់ពួកគេមិនឱ្យមានការបាត់បង់។ ចាប់ពីដើមឆ្នាំ ១៩៩៦ តាមរយៈប្រតិបត្តិករសំខាន់ៗ គោលនយោបាយឈ្នះ-ឈ្នះ ត្រូវបានអនុវត្តមុនដំបូងគេជាមួយក្រុមផ្តាច់ខ្លួនពីខ្មែរក្រហមរបស់ឧត្តមសេនីយ៍ កែវ ពង្ស នៅតំបន់ឱរ៉ាល់ ហើយបន្តមកត្រូវប្រតិបត្តិករបន្តផ្សព្វផ្សាយទៅកាន់តំបន់នានាដែលគ្រប់គ្រងដោយខ្មែរក្រហម រហូតក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងឧត្តរមានជ័យ ធ្វើឱ្យកម្លាំងនយោបាយនិងយោធាខ្មែរក្រហមចុង ក្រោយចុះខ្សោយ។ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចុងក្រោយរួមមាន នួន ជា និងខៀវ សំផន អៀង សារី អៀង ធីរិទ្ធ ព្រមទាំងមេដឹកនាំផ្សេងទៀត និងក្រុមគ្រួសារបានមកសុំចុះចូលធ្វើសមាហរណកម្មដល់គេហដ្ឋានសម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្រុងតាខ្មៅ។ គឺចាប់ពីពេលនោះហើយ ដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ហើយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមត្រូវបានរំលាយ។

គោលនយោបាយនេះហើយដែលបានធ្វើឱ្យកម្ពុជាមានការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាម ហើយបាននាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិទាំងមូលមកទល់សព្វថ្ងៃនេះ។ នេះគឺជាដំណាក់កាលថ្មីមួយទៀត ដែលកម្ពុជាបានចាក ចេញពីសង្គ្រាមស៊ីវិលដ៏រ៊ាំរ៉ៃ និងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍រីកចម្រើន និងមានឱកាសពង្រឹងនិងពង្រីកខ្លួនលើឆាក អន្តរជាតិ កសាងមោទកភាពជាតិខ្មែរឡើងវិញ ក្រោយលិខលង់អស់ជាច្រើនទសវត្សរ៍ដោយសារតែសង្គ្រាមភូមិសាស្ត្រនយោ បាយ និងបន្តដោយសង្គ្រាមស៊ីវិល។

៤៖ ការបង្កើតតុលាការដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម៖

ចេញពីការវាយផ្តួលរំលំរបបខ្មែរក្រហមដ៏យង់ឃ្នង សង្គ្រោះជាតិ និងប្រជាជនឱ្យចេញពីជ្រោះមរណៈ និងការរំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តួចផ្តើមនិងស្នើសុំអង្គការសហប្រជាជាតិ ផ្តល់ជំនួយបច្ចេកទេសបង្កើតតុលាការពិសេសមួយដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលមេដឹកនាំខ្មែរក្រហមបាន ប្រព្រឹត្តឡើងនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
នេះគឺជាដំណាក់កាលថ្មីមួយទៀតដែលសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ខិតខំពុះពារដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះដែលនៅរស់រានមានជីវិត។ រហូតមកទល់ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលជាតុលាការជាតិ ដោយមានការចូលរួមពីអន្តរជាតិនេះបានដើរតួនាទីយ៉ាងសំខាន់ម្នុងការនាំយកយុត្តិធម៌និងការពិតជូនពលរដ្ឋកម្ពុជា។ មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ៥ រូបរួមមាន នួន ជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជន ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសខ្មែរក្រហម និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ព្រមទាំង កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង។
ជនជាប់ចោទ ៣នាក់ជាអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរត្រូវបានតុលាការរកឃើញថាមានពិរិទ្ធភាព និងសម្រេចផ្តន្ទាទោសពីឧក្រិដ្ឋកម្មប្រឆាំងននឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។ ដោយឡែក ប្តីប្រពន្ធ អៀង សារី និងអៀង ធីរិទ្ធ បានស្លាប់ក្នុងអំឡុងពេលសវនាការលើបទចោទប្រកាន់ប្រឆាំងខ្លួន។ ដំណើរការជំនុំជម្រះក្តីស្វែងរកយុត្តិធម៌នេះដែលរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយអង្គការសហប្រជាជាតិរៀបចំ និងគាំទ្រដោយសហគមន៍អន្តរជាតិនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងនីតិរដ្ឋ និងការលុបបំបាត់វប្បធម៌និរទណ្ឌភាព និងចូលរួមពង្រឹងដំណើរការសន្តិភាព និងការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សារផ្លូវចិត្តជនរងគ្រោះនៃរបបខ្មែរក្រហមដែលនៅរស់រានមានជីវិត។

៥៖ កម្ពុជាក្រោមដំបូលសុខសន្តិភាព យើងត្រូវរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សយូរអង្វែង៖

៤៧ ឆ្នាំក្រោយពីរបបខ្មែរក្រហមឡើងកាន់អំណាច និងជាង ៤៣ ឆ្នាំក្រោយរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំ កម្ពុជា បាននិងកំពុងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃពលរដ្ឋខ្មែរ។ សន្តិភាពដែលបានគ្របដណ្តប់លើទឹកដីកម្ពុជាជិត ២៣ ឆ្នាំមកនេះ បានធ្វើឱ្យប្រទេសដែលធ្លាប់រងគ្រោះដោយការទម្លាក់គ្រាប់បែកជាង ៣ លានតោនរបស់ សហរដ្ឋអាម៉េរិក បង្កមហាវិនាសកម្មដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបំផ្លិចបំផ្លាញយ៉ាងរង្គាលដោយសង្គ្រាមស៊ីវិល បានស្តារមុខមាត់ឡើងវិញ មានការអភិវឌ្ឍជាតិ ពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ពោរពេញដោយសិទ្ធិសេរី ភាព និងលំហរប្រជាធិបតេយ្យធំទូលាយ។ កម្ពុជាជាប្រទេស ដែលស្មើសិទ្ធិ និងស្មើភាពជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក និងបានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និងលើពិភពលោក។

សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ននេះគឺជាកត្តាសំខាន់បំផុតដែលអនុញ្ញាតឱ្យយើងអាចកសាងសមិទ្ធផល ដូចសព្វថ្ងៃនេះបាន ហើយបើកម្ពុជាបន្តស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ទំនងគ្មានឱកាសកសាងជាតិ និងស្គាល់ការរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។ ហេតុដូច្នេះហើយបានជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា តែងតែអំពាវនាវម្តងហើយម្តងទៀតឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ការពារសន្តិភាពដែលជាតម្លៃរួមរបស់ជាតិ និងសូមកុំចាំដល់ប្រទេសជាតិមានសង្គ្រាមបាននាំគ្នាស្វែងរកសន្តិភាព។

សរុបសេចក្តីមក ៤៧ ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច កម្ពុជាបានឆ្លងកាត់ពីដំណាក់កាលដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រ វាលពិឃាត និងសង្គ្រាមហែកហួរគ្នា។ បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក៏គ្មានថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងគ្មានថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ ឡើយ និងព្រឹត្តិការណ៍បន្តបន្ទាប់ទៀត ជាពិសេសថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាកលបរិច្ឆេទដែលកម្ពុជាមានសន្តិភាព ពេញលេញក្រោយការបែកបាក់ធ្លាក់ក្នុងសង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍។ ថ្ងៃទី១៧ ខែមេសា បច្ចុប្បន្នបានក្លាយជាថ្ងៃនៃការចងចាំ ពីភាពឈឺចាប់ ភាពនិរាសព្រាត់ប្រាស់ និងមហាសោកនាដកម្ម លើជាតិសាសន៍ខ្មែរនេះ និងជាថ្ងៃដែលពលរដ្ឋខ្មែរទាំងអស់រួមគ្នាបង្ការ និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសូម្បីមនោគមន៍វិទ្យាខ្មែរក្រហមមកលើទឹកដីកម្ពុជាសាជាថ្មី និងទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាបានតាំងចិត្តការពារសន្តិភាព ដែលរកបានមកដោយពិបាកនេះឱ្យបានគង់វង្សយូរអង្វែង។ ពលរដ្ឋខ្មែរចងចាំជានិច្ចនូវអំពើដ៏សា ហាវឃោរឃៅនៃរបបខ្មែរក្រហមមកលើជាតិនិងប្រជាជនកម្ពុជា និងបន្តគាំទ្រ ចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាការពារសន្តិភាពនេះឱ្យបានជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យក្រុមជនក្បត់ណាមួយបំផ្លាញបានឡើយ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២