(កែប)៖ រយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ១២៣,៧១៤នាក់ បានមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា នៅខេត្តកែប។

តាមរដ្ឋបាលខេត្តកែប បានបង្ហាញក្នុងរបាយការណ៍ថា៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ សម្រាប់ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន ១២៣,៧១៤នាក់ ក្នុងនោះភ្ញៀវទេសចរ ជាតិ មានចំនួន១២២,៦៩៨នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ១,០១៦នាក់។

សម្រាប់មធ្យោបាយធ្វើដំណើរវិញ គឺមានរថយន្តសរុប ចំនួន១១,៨៣១គ្រឿង ក្នុងនោះរថយន្តតូច ចំនួន ៧,៥៥៥គ្រឿង រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង និងរថយន្តធំ ចំនួន១៣៣គ្រឿង។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ដូចខាងក្រោម៖

ថ្ងៃទី១៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានអ្នកទេសចរមកទស្សនា នៅខេត្តកែប ចំនួន២៥,៥០៣នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២១៤នាក់។

ថ្ងៃទី២៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ទៅសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមនីយដ្ឋាននានា ទូទាំងខេត្ត មានចំនួន ៤៤,៥២៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៤៤,១៨១នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣៤៨នាក់។ សម្រាប់មធ្យោបាយធ្វើដំណើរដោយរថយន្តមានសរុបចំនួន៤,៤១៥គ្រឿង ក្នុងនោះ រថយន្តតូច ចំនួន ២,៨៦៥គ្រឿង រថយន្តមធ្យមចំនួន ១,៥០៥គ្រឿង និងរថយន្តធំចំនួន ៤៥គ្រឿង។

សម្រាប់ថ្ងៃទី៣៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ទៅសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមនីយដ្ឋាននានា ទូទាំងខេត្ត មានចំនួន៥៣,៦៨២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៥៣,២២៨នាក់ ភ្ញៀវទេសចរបរទេសចំនួន ៤៥៤នាក់។ សម្រាប់មធ្យោបាយធ្វើដំណើរវិញ គឺមានរថយន្តសរុបចំនួន៤,៩១២គ្រឿង ក្នុងនោះរថយន្តតូច ចំនួន ៣,១០៥គ្រឿង រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង និងរថយន្តធុនធំមានចំនួន៥២គ្រឿង៕