(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំនិងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មិនដូច ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឡេីយ ដោយសារប្រទេសជាតិមានសុខសន្តិភាព ហេីយ ដូច្នោះ យេីងរួមគ្នាថែរក្សាការពារនូវអ្វីៗ ដែលមានសព្វថ្ងៃ ក្រោមការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

ការថ្លែងរបស់ លោក វង សូត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជេីញសំណេះសំណាលសួសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងដែលមានសមាជិកសមាជិកាសរុបប្រមាណជាង១ពាន់នាក់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នេះ នៅស្រុកពញាក្រែក។

លោក វង សូត បានរំលឹកពីការតស៊ូរបស់ថ្នាក់ដឹកនាំបច្ចប្បន្នដែលលោកខិតខំបូជាឈាមស្រស់សាច់ស្រស់ ដេីម្បីរំដោះប្រទេសជាតិឱ្យមានសិទ្ធិសេរីភាព ដេីរហេីរ ដោយលែងបារម្ភរឿងសង្គ្រាមផ្ទៃក្នុងទៀត ពោលគឺយេីងធ្វេីយ៉ាងណាខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រេីន ជឿលឿនទៅមុខទៀត។

ក្នុងពិធីសំណេះសំណាលនេះដែរ លោក វង សូត បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូននិវត្តជន និងអតីតយុទ្ធជន ដោយមិនទុកបងប្អូនចោលឡេីយពោល គឺតែងតែជួយគាំទ្រទាំងថវិកា និងស្បៀងអាហារជានិច្ច ដេីម្បីលេីកកម្ពស់ជីវភាពពួកគាត់ឲ្យកាន់តែល្អប្រសេីរឡេីង។

ទន្ទឹមនឹងនេះដែរ លោក វង សូត បានលេីកទឹកចិត្តដល់អតីតយុទ្ធជន និងនិវត្តជនទាំងអស់ ខិតខំប្រឹងប្រែង បង្ការទប់ស្កាត់ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យខ្ជាប់ខ្ជួន ដេីម្បីជៀសឆ្ងាយពីការឆ្លងជំងឺកូវីដ១៩ និងបន្តចូលរួ មទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបជូនថា ក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន សរុបជាង១ពាន់នាក់ក្នុងឱកាសនេះលោក វង សូត និងលោកស្រី បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរ៕