(កណ្ដាល)៖ ថ្ងៃចូលឆ្នាំទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ មានប្រជាពលរដ្ឋគ្រប់ទិសទី មករាំកម្សាន្តសប្បាយយ៉ាងកក្រើកក្រុងតាខ្មៅ ប្រមាណជាង១២ម៉ឺននាក់ លាយឡំដោយការបាញ់ទឹក ដែលមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលជាអ្នកបើកឆាកកាន់ក្បាលបាញ់ទឹកជូនប្រជាពលរដ្ឋរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងស្នូរសម្លេងច្រៀងញាក់កន្ត្រាក់អារម្មណ៍ខ្ទរខ្ទារពេញក្រុងតាខ្មៅ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះយោងតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល, ជាសមាជិកអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាយប់ថ្ងៃទិ១៦ ខែមេសា។

ស្ថិតក្នុងឱកាសល្អកម្ររកបានជាមួយនឹងមនុស្សជាង ១២ម៉ឺននាក់នេះ លោក គង់ សោភ័ណ្ឌ «បានស្រែកសួរទៅកាន់ប្រជាជនថា តើនរណាជាអ្នកនាំមកនូវសន្តិភាពដែលធ្វើឱ្យពួកយើងអាចសប្បាយរីករាយបានយ៉ាងដូច្នេះ? ជាមួយនឹងស្នូរសម្លេងកងរំពងស្រែកព្រមគ្នាពោរពេញទៅដោយកម្លាំងចេញពីមាត់ពលរដ្ឋគ្រប់ៗ រូបក្នុងកម្មវិធីនេះ គឺសម្រែកឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន!! ជាមួយនឹងស្នូរសម្លេងទះដៃ អំណរសាទរពោរពេញទៅដោយការពេញចិត្តពេញថ្លើមជាមួយនឹងទឹកមុខសប្បាយរីករាយឥតឧបមា»

លោក គង់ សោភ័ណ្ឌ បានពន្យល់ដល់យុវជន និងពលរដ្ឋ «អរគុណសន្តិភាព» អរគុណសម្ដេចតេជោរបស់ពួកយើង ដែលបានដឹកនាំប្រទេសជាតិយើងពីបាតដៃទទេ មកស្គាល់តែភាពសប្បាយរីករាយ ការរីកចម្រើន ហើយពិសេសសម្ដេចតេជោ បាននាំវ៉ាក់សាំងចាក់ជូនពលរដ្ឋគ្រប់អាយុទាំងអស់ទូទាំងប្រទេស ដែលជាភាពវិសេសវិសាលមួយដ៏ខ្លាំំងរបស់មេដឹកនាំដ៏អស្ចារ្យយើង ដែលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍របស់យើងពីទុក្ខភ័យគឺជំងឺកូវីដ១៩ ហើយប្រទេសជាតិយើងសម្បូរសប្បាយ រុងរឿងតទៅមុខជារៀងដរាបក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។

ស្របពេលជាមួយគ្នានេះដែរ គេនៅតែសង្កេតឃើញពីការរាំរែកសប្បាយរីករាយ ការបាញ់ទឹកដាក់គ្នាជាមួយនឹងសំណើចសើចក្អាកក្អាយ ពោរពេញទៅដោយភាពរីករាយ សបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ជាមួយនឹងទឹកមុខយ៉ាងសប្បាយរីករាយរបស់ពលរដ្ឋជាង១២ម៉ឺននាក់ ល្ងាចមិញនេះ, ភ្នាក់ងារព័ត៌មាន Fresh News ក៏បានសួរសំណួរដដែលៗទៅកាន់យុវជនជាច្រើននាក់។ ចម្លើយត្រឡប់បកមកវិញជាមួយនឹងអត្ថន័យដូចៗគ្នា គឺពួកគេអរគុណដល់លោកអភិបាលខេត្តដែលបានរៀបចំកម្មវិធីសង្ក្រាន្តដ៏អស្ចារ្យនេះឡើងក្រោយខកខាន ២ឆ្នាំមកម្លេះ ហើយក៏អរគុណជាពិសេសដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលដឹកនាំប្រទេសជាតិយើងបានល្អ មានសន្តិភាព បានសុខសប្បាយ បានរីកចម្រើន ហើយប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតឈានចូលដល់ឆាប់ៗនេះ។

សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំការលេងល្បែងប្រជាប្រិយ៍ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅ មានសភាពនិងភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិមកអញ្ជើញចូលរួមទស្សនាកម្សាន្តរយ:ពេល៣ថ្ងៃយ៉ាងច្រើនកុះករ ដែលគេប៉ាន់ប្រមាណថាមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅក្រុងតាខ្មៅ រយៈពេល៣ថ្ងៃមកនេះកើនឡើងចំនួន ២០ម៉ឺននាក់ឯណោះ៕

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល, ជាសមាជិកអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល