(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ កងកម្លាំងអង្គភាព និងវរសេនាតូច នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចេញល្បាតចល័ត និងឈរជើងតាមគោលដៅនានាក្នុងភូមិសាស្រ្តខេត្តជាប់មាត់សមុទ្រ (ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែប) ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តតាមបណ្ដាកោះ-ឆ្នេរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមជម្រាបថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២នេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានធ្វើដំណើរកម្សាន្ដទៅកាន់គ្រប់ទីកន្លែង បន្ទាប់ពីខកខានមិនបានចូលឆ្នាំ អស់រយៈពេល២ឆ្នាំ ដោយសារតែរាតត្បាតជំងឺកូវីដ១៩។

ជារួមជាមួយចំនួនភ្ញៀវទេសចរដែលកើតឡើង លើសការរំពឹងទុករហូតដល់ជាង៤លាននាក់នេះ ស្ថានភាពទូទៅនៃការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយត្រូវបានធានាយ៉ាងល្អប្រសើរ ដោយមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធទាំងអស់៕