(បាត់ដំបង)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៦៥,៦១៨នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ១,១១១នាក់ បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាជាង២០កន្លែង ក្នុងខេត្តបាត់ដំបង។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍នៃរដ្ឋបាលខេត្តបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សកម្មភាពស្ថានភាពទូទៅ និងចំនួនភ្ញៀវទេសចរ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារួមមាន

*រមណីយដ្ឋាន ប្រាសាទបាណន់
*រមណីយដ្ឋាន ភ្នំសំពៅ
*រមណីយដ្ឋាន ប្រាសាទឯកភ្នំ
*រមណីយដ្ឋាន អាងកំពីងពួយ
*រមណីយដ្ឋាន ចំការស្វាយ
*រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន
*រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក
*រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
*រមណីយដ្ឋាន ភ្នំកំពូល
*រមណីយដ្ឋាន ចំការធុរេនអូរតង
*រមណីយដ្ឋាន វាលចម្បាំង ខេមសាយ
*សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ
*សហគមន៍អេកូទេសចរណ៍ព្រែកទាល់
*មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់
*រមណីយដ្ឋាន ស្ទឹងក្រញូង
*គោលដៅទេសចរណ៍ ស្ទឹងថ្វាក
*រមណីយដ្ឋាន ចំការមៀន
*រមណីយដ្ឋាន អូរទទា ត្រជាក់ចិត្ត
*គោលដៅទេសចរណ៍ វត្តភ្នំចំបាំង
*មណ្ឌលកម្សាន្ត សួនទឹកសុភមង្គល
*ផ្ទះផ្កា Begonia
*សួនផ្កា ច្បារមាត់ស្ទឹង
*សួនផ្កា ភ្នំសំពៅ
*សួនផ្កា ឈើទាល
*វត្តអារាមទូទាំងខេត្ត និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង

សូមបញ្ជាក់ថា ក្រុមការងារមន្ទីរទេសចរណ៍បានបែកចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរណ៍ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។

ក្រុងបាត់ដំបង វត្តអារាមនានាក្នុងខេត្ត ព្រមទាំងបណ្តាររមណីយដ្ឋានសំខាន់ៗក្នុងខេត្ត បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដូចជា ពិធីសង្ក្រាន្ត, ការប្រគុំតន្ត្រី, ការតាំងពិពរណ៍, តំបន់ត្រជាក់ចិត្ត-ល- នាំឱ្យលំហូរភ្ញៀវទេសចរមានការកើនឡើងគួរកត់សម្គាល់។ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត បានរៀបចំរួចជាស្រេចដើម្បីទទួលទេសចរ ដែលអាចបង្កើនសមត្ថភាពផ្ទុកទេសចរណ៍ (Carrying Capacity) បានច្រើនជាងមុន និងតំបន់ទាក់ទាញទេសចរណ៍ថ្មីៗមួយចំនួនត្រូវបានរៀបចំឡើង។ សេវាស្នាក់នៅក្នុងខេត្តពេញស្ទើរតែគ្រប់កន្លែង។ មានការចូលរួមរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង៣ផងដែរ៕