(ព្រៃវែង)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ.ស ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៣៩២,៨០៩នាក់ បានដើរលេងកម្សាន្ត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឲ្យដឹងថា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ដែលចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងមន្ត្រីរាជការមកងកម្លាំងប្រដាប់អាវុធ បានរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២ នៅសួនច្បារសម្ដេច ជា ស៊ីម។

តាមរបាយការណ៍ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលងកម្សាន្តក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង និងតាមរមណីយដ្ឋាននានាក្នុងខេត្តព្រៃវែង មានចំនួន៦៥៩៤៩។ ថ្ងៃទី១៥ខែមេសា ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ១៥៥,៣០៤នាក់ និងថ្ងៃទី១៦ ខែមេសា ជាថ្ងៃទី៣ នៃថ្ងៃចូលឆ្នាំមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១៧១,៥៦១នាក់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យគោលនយោបាយដ៏ត្រឹមត្រូវទទួលបានជោគជ័យ ជាពិសេសបានបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

សូមបញ្ជាក់ថា ខេត្តព្រៃវែង ពិតជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវទិដ្ឋភាពព្រឹត្តិការណ៍ឆ្នាំថ្មី ព្រៃវែង ឆ្នាំ២០២២ រួមមានការរៀបចំតុបតែងលម្អរ ការតាំងពិព័ណ៍ និងការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាព ដ៏រុងរឿងរបស់យើង៕