(ភ្នំពេញ)៖ សហព័ន្ធកីឡាអត្តពលកម្មកស្ម័គ្រចិត្តម្ពុជា (រត់ប្រណាំង) បានចម្រាញ់រកឃើញកីឡាករ-កីឡាការិនីឆ្នើម ២រូបបញ្ជូនឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយ ដើម្បីសុំសិទ្ធិអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ ដែលនឹងធ្វើឡើងនៅខែសីហាខាងមុខ ទៅគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ។

បន្ទាប់ពីទទួលបានសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ សហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា បានរៀបចំកម្មវិធីប្រកួតលក្ខណៈធ្វើតេស្ដសមត្ថភាពមួយ នៅទីរួមខេត្តកែប ដោយមានកីឡាករ-កីឡាការិនីជាង ១០នាក់ចូលរួម ប៉ុន្ដែចម្រាញ់រកឃើញកីឡាករម្នាក់ និងកីឡាការិនីម្នាក់ ដែលមានសមត្ថភាពខ្ពស់ជាងគេ បញ្ជូនឈ្មោះឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា បានថ្លែងឲ្យដឹងថា «ក្រោយធ្វើតេស្ដ គណៈកម្មការបច្ចេកទេស បានរកឃើញកីឡាករម្នាក់ ដែលមានសមត្ថភាពខ្ពស់ជាងគេ គឺកីឡាករជប៉ុនសញ្ជាតិកម្ពុជា នីកូ ហ៊ីរ៉ូស្ស៊ី ខណៈកីឡាការិនីបានទៅលោកស្រី លី ណារី ដែលអ្នកទាំងពីរ នឹងត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជូនឈ្មោះទៅគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដើម្បីសុំសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ ឆ្នាំ២០១៦នេះ»

ទន្ទឹមជាមួយគ្នានេះដែរលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ចំពោះលទ្ធផលទទួលបានយ៉ាងណាពីការស្នើសុំសិទ្ធិអនុគ្រោះនេះ (Wild Card) នៅមិនទាន់ដឹងនោះទេ ព្រោះបណ្ដាប្រទេស ផ្សេងៗលើពិភពលោក ក៏មានការស្នើសុំដូចកម្ពុជា ហើយការសម្រេច គឺគេមើលទៅលើកម្រិតសមត្ថភាពរបស់ អត្តពលិកម្នាក់ៗ ដែលមានភ្ជាប់លទ្ធផលធ្វើបានក្នុងឯកសារ។ ប៉ុន្ដែលោកមានជំនឿចិត្តថា កីឡាអត្តពលកម្មមានសង្ឃឹមខ្ពស់នឹងបានចូលរួម ព្រោះកីឡានេះ ជាប្រភេទកីឡាសំខាន់ក្នុងព្រឹត្តិការណ៍កីឡា ក្នុងការប្រកួតលក្ខណៈផ្លូវការ បែបនេះ។

ជាថ្មីម្តងទៀត រហូតមកទល់នឹងពេលនេះ កម្ពុជាទើបតែមាន២ប្រភេទកីឡានៅឡើយទេ ដើម្បីចូលរួមប្រកួតក្នុងយុទ្ធ នាការដែលមានរយៈពេល៤ឆ្នាំម្តង លើកទី៣១ នៅប្រទេសប្រេស៊ីល គឺកីឡាតេក្វាន់ដូ ១រូបគឺ ស៊ន សៀវម៉ី ដែលឈ្នះវគ្គជម្រុះនៅប្រទេសហ្វីលីពីន និងកីឡាហែលទឹក ២រូបគឺកីឡាការិនី ហែម ថុនវិទីនី និងកីឡាករ ពូ សុវិជ្ជា ដែលត្រូវបានផ្តល់ការអនុគ្រោះពី FINA អន្តរជាតិនោះ៕