(យូអិន)៖ ប្រទេសនៅលើពិភពលោកចំនួន ១១០ហើយបាន ព្រមព្រៀងក្នុងការចូលរួមកិច្ចប្រជុំ កំពូលស្តីពីផ្នែកមនុស្សធម៌អន្តរជាតិ (World Humanitarian Summit) ចាប់ពីថ្ងៃ ទី២៣ ដល់២៤ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦។

លោក Herve Verhoosel អ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលខាងលើនេះ បានថ្លែងថា កិច្ចប្រជុំនឹងមាន ការចូលរួមជាកិត្តិយសដោយអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មើគែល និង នាយករដ្ឋមន្ត្រីហូល្លង់ លោក ម៉ាក រូតត៍ (Mark Rutte) ដែលមេដឹកនាំទាំងពីរនេះគឺជា សហប្រធាននៃសហគមន៍អឺរ៉ុបរយៈពេល ៦ខែ។ ដោយឡែកលោកអគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ និង ប្រធានអង្គការមនុស្សធម៌នានា ក៏នឹងត្រូវចូលរួមផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោកខាងលើនេះ នឹងធ្វើឡើងដើម្បី លើករបៀបវារៈថ្មី, បំផុសគំនិតឡើងវិញ, និង ប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយបញ្ហាចំពោះមុខ គឺការផ្តល់ជំនួយសង្គ្រោះបន្ទាន់ទៅដល់មនុស្ស ១២៥លាននាក់នៅលើសកលលោក ដែលកំពុងតែត្រូវការជាបន្ទាន់ ហើយពាក់កណ្តាលក្នុងចំណោមនោះ គឺបាននិងកំពុងរងគ្រោះ ដោយសារជម្លោះ និង សង្គ្រាម៕