(បន្ទាយមានជ័យ)៖ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អមដំណើរដោយថ្នាក់ដឹកនាំកងពល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកា ផ្តល់ជូននាយ-ពលទាហាន កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានកោតសរសើរកងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច តាមផែនការរបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា ឋានានុក្រមរបស់កងទ័ព និងមានសាមគ្គីភាពឯកភាពគ្នា ទាំងផ្ទៃក្នុង និងជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន រួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

សូមបញ្ជាក់ថា កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ ជួរមុខនៅតាមបន្ទាត់ព្រំដែន ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ដើម្បីទប់ស្កាត់កងឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ពីប្រទេសជិតខាងចូលសហគមន៍ និងការលួចឆ្លងដែនដោយខុសច្បាប់ ។

លោកមេបញ្ជាការកងពល ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ ដែលតែងតែយកចិត្តទុក្ខដល់សុខទុក្ខកងកម្លាំងទាំងអស់ គ្រប់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ សឹង្ហ ទុំ ក៏បានថ្លែងអំណរគុណដល់កងកម្លាំង និងក្រុមគ្រួសារយោធិន ទាំងអស់ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនបានជួបជុំគ្រួសារ ត្រូវបំពេញតួរនាទីភារកិច្ច ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ បន្តអវុត្តន៍វិធានការ ការពារជំងឺឆ្លងកូវីដ១៩ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ទាំងអស់គ្នា៕